អ្នកម៉ាក់សម័យថ្មី Lee Ha Nee ទើបសម្រាលកូនមិនដល់ ១ ឆ្នាំផង ហាត់យករាងវិញឡើងញាក់
បន្ទាប់ពីតារាបង្ហាញម៉ូដ Lee Ha Nee ឬ អ្នកគាំទ្រតែងហៅនាងថាជា Honey Lee បានរៀបការជាមួយនឹងស្វាមីជាអ្នកក្រៅរង្វង់សិល្បៈកាលពីឆ្នាំ ២០២១ មក តារាស្រីរូបនេះក៏បានសម្រាលបានកូនស្រីម្នាក់កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។
បន្ទាប់ពីសម្រាលកូនរួច កាលពីពេលថ្មីៗនេះ ក៏បានលេចឮដំណឹងថាតារាស្រីរូបនេះបានវិលចូលសិល្បៈវិញ ដោយនាងកំពុងពិចារណាក្នុងការសម្ដែងជាតួឯកស្រីក្នុងរឿងភាគថ្មីរបស់ MBC មានចំណងជើងថា «Flowers That Bloom at Night»។
ជាមួយគ្នានោះដែរ ក្រៅពីបំពេញតួនាទីជាអ្នកម៉ាក់របស់កូនតូច និង មានដំណឹងវិលចូលសិល្បៈវិញនោះ តារាស្រីរូបនេះក៏បានឆ្លៀតពេលហាត់ប្រាណថែរាងឱ្យស្លីមស្អាតផងដែរ ដោយត្រឹមតែ ៦ ខែប៉ុណ្ណោះ នាងបានយករាងយ៉ាងស្លីមមកវិញ។
បើតាមការបង្ហោះរូបថតថ្មីៗរបស់តារាស្រីរូបនេះ បានចែករំលែកអំពីសកម្មភាពរបស់នាងដល់អ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram ផ្ទាល់ តារាស្រីរូបនេះបានបង្អួតរាងយ៉ាងស្លីមស្អាត ជាមួយនឹងសាច់ដុំពោះកង់ៗ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតជាអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ចំពោះការប៉ិនប្រសប់មើលថែរាងរបស់នាង៕