ទើបប្រកាសថានឹងរៀបការ ឥលូវអនាគតប្តីក្រោយរបស់ Sara ជាអ្នកជំនួញសង្ហា បែរជាត្រូវប៉ូលិសស្ទាក់ចាប់បាត់
ប្រិយមិត្តបានជ្រាបហើយពីរឿងរ៉ាវជីវិតគ្រួសារតារាស្រីថៃ Sarah Casinghini ពោលគឺនាងធ្លាប់ជាអតីតភរិយារបស់តារាសម្ដែងប្រុសរូបសង្ហា Mike Angelo។ ក្រោយពីបញ្ចប់ទំនាក់ទំនងគ្នាជាប្តីប្រពន្ធ តារាស្រីរូបនេះទទួលបានកូនប្រុសម្នាក់ជាចំណងដៃម្នាក់ដែរ។
លើសពីនេះទៅទៀតនោះ ក្រោយចែកផ្លូវពីតារាប្រុស Mike Angelo តារាស្រីរូបនេះក៏បានទាក់ទងគ្នាជាមួយនឹងតារាបង្ហាញម៉ូដបារាំងម្នាក់ឈ្មោះថា Vadim Shablo ដោយទទួលបានកូនស្រីម្នាក់ទៀតជាចំណងដៃ ក្រោយមកដោយសារតែរស់នៅមិនចុះសម្រុងគ្នា តារាស្រី Sarah ក៏សម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួនវិញ។
យ៉ាងណាមិញ ថ្មីៗនេះតារាស្រី Sarah ស្រាប់តែរកឃើញអ្នកស្អំបេះដូងម្នាក់ទៀតបាត់ទៅហើយ ដែលជាកំលោះអ្នកជំនួញរូបសង្ហារស់នៅប្រទេសសិង្ហបុរីម្នាក់ឈ្មោះថា Daryl Cai និង បានប្រកាសថានឹងរៀបការជាមួយគ្នា ដែលធ្វើឱ្យមហាជន និង អ្នកក្នុងរង្វង់សិល្បៈចូលទៅសម្ដែងការអបអរសាទរព្រោងព្រាត។
យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះ ថ្ងៃរៀបការមិនទាន់មកដល់ផង អនាគតស្វាមីរបស់នាងដែលបានធ្វើដំណើរមកកាន់ប្រទេសថៃនោះ ស្រាប់តែមានសារព័ត៌មានមួយបានចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ នេះឱ្យដឹងថា ពេលនេះអនាគតស្វាមីរបស់ Sarah ត្រូវបានភ្នាក់ងារពិសេសឡោមព័ទ្ធចាប់ខ្លួន អាចនឹងជាប់ពាក់ព័ន្ធនឹងរឿងឆបោក Forex 3D។ ចំណែករឿងរៀបការ ខាងអ្នកគ្រប់គ្រងរបស់ Sarah ក៏បានបញ្ជាក់ថា អាចនឹងមានការពន្យារពេលវិញផងដែរ៕