ក្នាញ់គេថាកែសម្ផស្សពេក Mai Davika ទៅពេទ្យស្កេនមុខបញ្ជាក់ការពិត បំបិតមាត់អ្នកពូកែទើស
មិនមែនជារឿងចម្លែកនោះទេ ដែល Mai Davika មានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងនោះ ព្រោះបើក្រឡេកទៅមើលម៉ាក់ប៉ាគ្រួសាររបស់នាងគ្មានអ្នកណាម្នាក់អន់ឡើយ។ មួយវិញទៀត នាងមិនត្រឹមតែជាតារាសម្តែងស្រីលំដាប់នោះទេ តែបើនិយាយពីសម្រស់វិញក៏ឈរនៅលេខរៀងលំដាប់ប្រទេសដូចគ្នាដែរ។
ទន្ទឹមនឹងរូបសម្រស់ផូរផង់មានតែបុរសចោមរោមស្រឡាញ់ តែអ្វីដែលនឹកស្មានមិនដល់នោះ តារាស្រី Mai Davika ក៏ធ្លាប់ទទួលរងពាក្យគេនិយាយដែរថា នាងស្អាតដោយសារតែការកែសម្ផស្សមិនមែនធម្មជាតិ។
យ៉ាងណាមិញ ក្រោយរងពាក្យគេថាកន្លងមកតារាស្រី Mai Davika ក៏មិនដែលចេញមុខជម្រះមន្ទឹលសង្ស័យរបស់មហាជន ក៏ដូចជាអ្នកដែលនិយាយពីនាងនោះដែរ រហូតមកទល់ពេលនេះទើបនាងសម្រេចចិត្តទម្លាយការពិតគ្រប់យ៉ាងថានាងកែពិតមែនឬក៏អត់នោះ?
ក្នុងនោះ នាងបានទៅមន្ទីរពេទ្យមួយកន្លែងដើម្បីស្កេនមុខមាត់ទាំងអស់ ដើម្បីឱ្យដឹងថានាងកែត្រង់ចំណុចណាខ្លះ ព្រោះប្រសិនបើនាងកែសម្ផស្សពិតមែន វានឹងស្កេនចេញមកនៅលើផ្ទាំងម៉ាស៊ីនភ្លាមៗថានាងវះកាត់កែ ឬ ដាក់ស៊ីលីកូននោះ។
អ្វីដែលសំខាន់ គ្រាន់តែស្កេនភ្លាម ច្រមុះ ថ្គាមរបស់ Mai មិនមានស៊ីលីកូនឡើយ ពោលគឺមិនមានឆ្លងកាត់ការកែសម្ផស្សឡើយ។ មួយវិញទៀត នាងក៏បានឱ្យគ្រូពេទ្យជំនាញមកពិនិត្យភ្នែករបស់នាងដូចគ្នា ដោយលទ្ធផលបញ្ជាក់ថា មិនមានការកែ ឬ វះកាត់អ្វីឡើយ ដូច្នេះនាងសង្ឃឹមថា បន្ទាប់ពីបានឃើញរូបភាព និង វីដេអូនេះហើយ អ្នកនិយាយពីនាងមួយចំនួននឹងឈប់ដើរបំប៉ោងបន្តទៀតផងដែរ៕