មិនទាន់ Debut បានស្រួលបួលផង Baby Monster ល្បីកក្រើក បំបែកកំណត់ត្រាថ្មីមួយបាត់
ថ្មីៗនេះបណ្ដាមហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG គឺក្រុម Baby Monster ជាមួយសម្រស់ សមត្ថភាពច្រៀង រ៉េប និង រាំយ៉ាងល្អរបស់ពួកគេ។
ដោយឡែក កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ផលិតកម្ម YG បានទម្លាក់វីដេអូសកម្មភាពរាំរបស់ក្រុមនារីថ្មីមួយនេះ បានធ្វើឱ្យមានអ្នកចូលទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ពួកគេទទួលបានការចូលមើលចំនួន ៤.២ លានដងឯណោះ។
យោងតាមផលិតកម្មចម្រៀង វីដេអូនៃការរាំរបស់ Baby Monster មួយនេះបានក្លាយជាវីដេអូទី ៤ ដែលមានអ្នកមើលច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោង ទាំងនេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដោយក្រុមចម្រៀងស្រីមិនទាន់បាន Debut ស្រួលបួលនៅឡើយទេ ប៉ុន្តែអាចបំបែកកំណត់ត្រាមួយបានយ៉ាងងាយ។
លើសពីនេះទៅទៀតនោះ គណនី YouTube ផ្លូវការរបស់ក្រុម Baby Monster ទទួលបានអ្នក Subscribe ជាង ៦០០ ០០០ នាក់រួចទៅហើយ ទោះក្នុងរយៈពេលមិនទាន់ដល់មួយខែនៅឡើយទេ ចាប់តាំងពីការបើកដំណើរការមក៕