ណាំ ប៊ុណ្ណារ័ត្ន លើកឡើងភ្លែត ក្រោយផ្ទុះការវែកញែកបទ «សង្សារនិស្សិត» ច្រៀងឡើងវិញជួសសំឡេង មាស សុខសោភា
បើរំឭកកាលពីប្រមាណជា ៩ ឆ្នាំមុន ពោលគឺអំឡុងឆ្នាំ ២០១៣ មហាជនអ្នកគាំទ្រ លោក ណាំ ប៊ុណ្ណារ័ត្ន និង អ្នកនាង មាស សុខសោភា ច្បាស់ជាធ្លាប់បានស្តាប់បទចម្រៀងឆ្លើងឆ្លើយរបស់តារាចម្រៀងទាំង ២ ខាងលើ ដែលមានចំណងជើងថា «សង្សារនិស្សិត» ជាក់ជាមិនខាន។
យ៉ាងណា ក្រោយការចាកចេញពីផលិតកម្មថោនរបស់អ្នកនាង មាស សុខសោភា រយៈពេលប្រមាណជា ២ ឆ្នាំ បទចម្រៀង «សង្សារនិស្សិត» ក៏ត្រូវបានលោក ណាំ ប៊ុណ្ណារ័ត្ន យកមកច្រៀងម្តងទៀត ដោយជំនួសសំឡេងផ្នែកនារីជាតារាចម្រៀងស្រករក្រោយគឺ កញ្ញា យ៉ាន់ សុជាតា។
ក្នុងនោះដែរ ក្រោយពី Version ថ្មីនៃបទ «សង្សារនិស្សិត» ដែលទើបតែផលិតឡើងមិនបានប៉ុន្មាន ក៏មានមហាជនមួយចំនួនពេញចិត្ត និង ខ្លះទៀតក៏បានវែកញែកពីសំឡេងម្ចាស់ Version ដើម របស់អ្នកនាង មាស សុខសោភា និង ម្ចាស់សំឡេង Version ថ្មី កញ្ញា យ៉ាន់ សុជាតា ពីមតិផ្សេងៗគ្នាជាច្រើន។
ក្រោយពីមានការវែកញែកទាំងពាក្យវិជ្ជមាន និង អវិជ្ជមាននោះ ហាក់មិនបង្អង់យូរ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានចេញមុខមកបង្ហោះសារបែបនេះថា ៖ «ចំពោះខ្ញុំ គឺរីករាយនឹងការចូលចិត្ត និង មានការប្រៀបធៀប។ ពីរោះមិនពីរោះ ជាមួយរៀមច្បង និង សិស្សប្ឣូន។ តែខ្ញុំរីករាយខ្លាំង ដែលគាត់ច្រៀបានប៉ុណ្ណេះ ហើយក៏មិននឹកស្មានដែរ គាត់ឣាចធ្វើបាន ksk លើកទឹកចិត្ត style young generation voice 2023 love u guys»៕