ភ្ញាក់ផ្អើល! Eunha សមាជិក VIVIZ និយាយថា Song Joong Ki ធ្លាប់ជួយនាងកាលពី ១៥ ឆ្នាំមុន
បើនិយាយអំពីវគ្គចុងក្រោយនៃកម្មវិធី «Ask Us Anything» របស់ JTBC ដែលមានតារាចម្រៀងស្រី Eunha និង SinB សមាជិកក្រុម VIVIZ បានចូលរួមជាតារាកិត្តិយសពិសេសមកផ្តល់បទសម្ភាស។
ក្នុងនោះដែរ តារាស្រី Eunha បានទម្លាយរឿងពិតមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលនាងគឺជាអ្នកហ្វឹកហាត់ នៅក្នុងក្រុមហ៊ុនសម្ដែងមួយ ដោយនិយាយថា ៖ «កាលពីខ្ញុំនៅរៀនបឋមសិក្សា ខ្ញុំគឺជាអ្នកហ្វឹកហាត់នៅក្នុងក្រុមហ៊ុនសម្ដែងមួយ ហើយខ្ញុំធ្លាប់បានរួមហាត់សម្ដែងរួមគ្នាជាមួយនឹងលោក Song Joong Ki»។
លើសពីនេះ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ថែមទាំងនិយាយទៀតថា ៖ «កាលនោះ ខ្ញុំនៅជាក្មេងណាស់ ដូច្នេះលោក Song Joong Ki បានជូនខ្ញុំត្រឡប់ទៅស្ថានីយរថភ្លើងក្រោមដី»។ គ្រាន់តែបានដឹងរឿងរ៉ាវទាំងនោះ អ្នកដែលនៅទីនេះបានសម្ដែងភាពភ្ញាក់ផ្អើលខ្លាំងចំពោះកាយវិការដ៏កក់ក្តៅរបស់តារាប្រុសរូបនេះ។
ស្រាប់តែភ្លាមនោះ Shindong បានសួរទៀតថា ៖ «ចុះ Song Joongki មានចាំថាជាអ្នកនៅពេលនេះទេ?» បន្ទាប់មក Eunha បាននិយាយថា ៖ «គាត់ប្រហែលជាមិនចាំទេ ព្រោះរំលងទៅយូរណាស់ហើយ ប្រហែលជា ១៥ ឆ្នាំមុន»៕