ក្រោយផ្ទុះរឿងគុនខ្មែរ និង មួយថៃ Buakaw ស្តេចប្រដាល់ថៃ ចេញបញ្ជាក់ច្បាស់ៗពីសាវតាខ្លួនឯង
ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវ គុនខ្មែរ និង Mouy Thai ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅតែជាប្រធានបទក្ដៅគគុកសម្រាប់ប្រជាជនថៃ និង ខ្មែរលើកយកមកវែកញែក។ ជាមួយគ្នានោះដែរភាគីប្រទេសថៃក៏បានប្រកាសបដិសេធមិនបញ្ជូនកីឡាករខ្លួនមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រោមឈ្មោះ គុនខ្មែរ ឡើយ។
យ៉ាងណាមិញ ស្របពេលផ្ទុះកក្រើកខ្លាំងពេកក្នុងរឿងរ៉ាវនេះ បើងាកទៅមើលលោក Buakaw ដែលជាស្តេចប្រដាល់ថៃវិញ គេចាប់អារម្មណ៍ឃើញកីឡាកររូបនេះបានបង្ហោះរូបភាពមួយចំនួន ដែលធ្វើឱ្យមានការវែកញែកកាន់តែខ្លាំងថែមទៀត។ ពិតណាស់ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្តេចប្រដាល់ Buakaw បានចេញមកបង្ហោះរូបភាពប្រដាល់របស់ខ្លួនលើគណនីហ្វេសប៊ុក ដោយភ្ជាប់នឹង Caption ថា ៖ «សិល្បៈក្បាច់គុនមួយថៃ»។
ទន្ទឹមនឹងឃើញការបង្ហោះនោះ ស្រាប់តែគេឃើញមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិថា «គុនខ្មែរ» ព្រោងព្រាត។ ក្រោយពីឃើញការបញ្ចេញមតិបែបនេះលើបណ្ដាញសង្គមហ្វេសប៊ុក Buakaw ក៏បានទៅតបតថា ៖ «មួយថៃ» មិនមែនគុនខ្មែរទេ។
អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយពីការបង្ហោះខាងលើបាន ១ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ Buakaw ក៏បានចេញមកទម្លាយពីប្រវត្តិរបស់ខ្លួនដើម្បីកុំឱ្យមហាជនមួយចំនួនយល់ថាលោកជាជនជាតិថៃជាប់សាច់ឈាមខ្មែរទៀត ព្រោះកន្លងមកធ្លាប់មានគេនិយាយថា លោកជាប់ខ្សែស្រឡាយខ្មែរ ដោយហេតុថាលោកមានឪពុករស់នៅខេត្តស៊ីសាកេត ម្តាយរស់នៅខេត្តសុរិន្ទ។ ផ្អែកតាមរយៈសាររបស់ Buakaw បានបញ្ជាក់ច្បាស់ៗថា លោកជាជនជាតិថៃជាប់ខ្សែស្រឡាយជនជាតិដើមភាគតិចកួយ មិនមែនជាប់សាច់ឈាមខ្មែរដូចការលើកឡើងកន្លងមកនោះទេ៕