អ្នកគាំទ្រលាន់មាត់នឹងតម្លៃឈុត JHope ស្លៀកពេលឡើងយន្តហោះ ត្រឡប់មកកូរ៉េវិញ
ដូចដែលអ្នកគាំទ្រវិស័យកម្សាន្ត K-Pop បានដឹងមកហើយ អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងសមាជិកក្រុម BTS មិនថាជាសកម្មភាព និង ស្ទាយ៌សម្លៀកបំពាក់ គឺក្លាយជាប្រធានបទដ៏ក្តៅភ្លាម ដូចជាការបង្ហាញខ្លួនរបស់ JHope នៅឯព្រលានយន្តហោះដែលលោកបានត្រៀមហោះហើរទៅកាន់ប្រទេសកូរ៉េវិញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី «Paris Fashion Week» កាលពីពេលថ្មីៗនេះ។
តារាប្រុសសង្ហារូបនេះ មិនត្រឹមតែក្លាយជាទីចាប់អារម្មណ៍របស់ទស្សនិកជនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលលោកបានវិលត្រឡប់មកវិញ ស្ទាយ៌តុបតែងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ និងគ្រឿងពាក់លម្អខ្លួនរបស់លោក ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតតាមស្វែងរកឃើញភ្លាមៗពីតម្លៃ ដូចជាកាបូបយួរដៃម៉ាក Hermès Birkin Bag 40 នោះមានតម្លៃប្រហែល ៣០០០០ ដុល្លារអាមេរិក។
ជាងនេះទៅទៀតនោះ គឺអាវក្រៅម៉ាក Louis Vuitton ដែលតម្លៃរបស់វាគឺប្រមាណ ៤.៨៩ លានវ៉ុន (ប្រហែល ៣៩០០ ដុល្លារអាមេរិក)។ ជាហេតុធ្វើឱ្យអ្នកនិយមលេងក្នុងអ៊ីនធឺណេតលាន់មាត់និយាយថា ពួកគេអត់មានសមត្ថភាពទិញរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃទាំងនោះទេ ហើយមើលទៅ JHope ពិតជាស្លៀកពាក់ស្អាតសមនឹងតម្លៃមែន៕