មិនធម្មតា! HYBE បានទិញយកហ៊ីបហប Label មួយដ៏ល្បីនៅអាមេរិក ក្នុងតម្លៃជិត ៤០០ លានដុល្លារ
នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយក្រុមហ៊ុន HYPE នៅសហរដ្ឋអាមេរិក បានប្រកាសថា បានទិញយក QC Media Holdings ដើម្បីជំរុញយុទ្ធសាស្ត្រពហុក្រុមហ៊ុន ដែលជាផែនការកំណើនរយៈពេលមធ្យមដល់រយៈពេលវែង ដើម្បីពង្រីកផលប័ត្រអាជីវកម្មសកល។
តាមរបាយការណ៍បានឱ្យដឹងថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន HYPE នៅសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទទួលបានភាគហ៊ុន ១០០ ភាគរយ នៅក្នុង QC Media Holdings ក្នុងតម្លៃ ៣១៤ ប៊ីលានវ៉ុន ដែលស្មើនឹងប្រមាណ ៣២០ លានដុល្លារឯណោះ។
គួរឱ្យដឹងផងដែរថា QC Media Holdings មានមូលដ្ឋានគោលនៅទីក្រុងអាត្លង់តា រដ្ឋ Georgia សហរដ្ឋអាមេរិក។ ក្រុមហ៊ុនមួយនេះបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ហើយត្រូវបានស្គាល់ថាជា Label ប្រកួតប្រជែងដ៏អស្ចារ្យមួយនៅក្នុងវិស័យហ៊ីបហបសកលលោក ដោយមានលោក Pierre ‘P’ Thomas ជានាយកប្រតិបត្តិ (CEO) និង លោក COO Kevin ‘Coach K’ Lee ជាអ្នកដឹកនាំក្រុមហ៊ុនទាំងមូល។
ចំណែកឯតារាល្បីៗដែលជាសិល្បករប្រចាំក្រុមហ៊ុនហ៊ីបហប មួយនេះមានដូចជា តារារ៉េប Lil Baby តារារ៉េប Lil Yachty ក្រុមចម្រៀងហ៊ីបហបបុរស Migos និង ក្រុមចម្រៀងហ៊ីបហបនារី City Girls ជាដើម។ល៕