Chippy មិនហ៊ានបង្ហាញមុខសង្សារថ្មីទុកចាំដល់ថ្ងៃការ ក្រោយជួបស្នេហ៍ឈឺចាប់បាក់ស្បាតរួចម្តង
ការស្ងាត់បាត់ឈឹងមួយរយៈធំលើបណ្ដាញសង្គមនានា រួមនឹងការសម្ដែងរបស់តារាស្រី Chippy Sirin កាលពីពេលកន្លងទៅ តែងធ្វើឱ្យមហាជនមានការងឿងឆ្ងល់ ព្រោះសុខៗតារាស្រីស្រស់រូបនេះក៏ស្រាប់តែស្ងាត់បាត់ស្រមោល និង មិនសូវបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ តែពេលនេះនាងបានវិលត្រឡប់មកវិញហើយ។
ជាមួយនឹងការវិលត្រឡប់នាលើកនេះ ស្រីស្រស់ Chippy ក៏បានឡើងក្នុងកម្មវិធីសម្ភាសកម្សាន្តមួយក្នុងកម្មវិធីរបស់ពិធីករមាត់ឆៅ Moddam Kachapa ដោយបានទម្លាយពីមូលហេតុដែលនាងបានស្ងាត់ពីបណ្ដាញសង្គម និង កញ្ចក់ទូរទស្សន៍ថា ៖ «ហេតុដែលនាំឱ្យនាងស្ងប់ស្ងាត់នោះគឺ បន្ទាប់ពីនាងចែកផ្លូវគ្នាជាមួយនឹងអតីតសង្សាររបស់នាង។ ក្រោយពីចែកផ្លូវគ្នាទៅនាងពិតទទួលរងនូវការប៉ះពាល់ផ្លូវចិត្តជាខ្លាំងរហូតនាងកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន។
ពីមួយថ្ងៃទៅមួយថ្ងៃនាងពុំដែលបានចេញក្រៅ និង មិនសូវបាននិយាយជាមួយនរណាឡើយ រហូតនាងឡើងគីឡូធាត់ខ្លាំង ដល់ថ្នាក់អ្នកមួយចំនួនថានាងមានទម្ងន់ទៀតផង។ យ៉ាងណាមិញ ដូចដែលពាក្យចាស់ថាក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីនាងចួបទុក្ខសោកមួយរយៈមក ពេលាវេលាកន្លងទៅក៏បាននាំឱ្យនាងរកឃើញពន្លឺសុភមង្គលឡើយវិញ ហើយនាងក៏ហ៊ានប្រឈមនឹងបញ្ហាដែរ»។
លើសពីនោះ តារាស្រីរូបនេះក៏បានបន្ថែមពីស្ថានភាពជីវិតបច្ចប្បន្នផងដែរថា ៖ «ក្រោយពីដំបៅបេះដូងអស់រយៈពេល ៣ ឆ្នាំខណៈនេះនាងបានចួបបុរសម្នាក់ទៀតហើយ តែនាងអាចនឹងមិនបង្ហាញមុខជាសាធារណៈឡើយគឺរង់ចាំថ្ងៃសុំរៀបការតែម្តង។ ណាមួយសង្សារថ្មីរបស់នាងជាមនុស្សចូលចិត្តជីវិតឯកជនច្រើន ជាពិសេសជាអ្នកធ្វើជំនួញផងដូចនេះមិនសូវចង់បង្ហាញមុខប៉ុន្មានទេ»៕