Mew គាំងនិយាយមិនត្រូវ ពេលប្រាប់ថាមានសង្សារស្រី អ្នកគាំទ្រខ្លះបែរជានាំគ្នាខឹង ហើយចាប់លោកផ្គូនឹង Gulf វិញ
ចាប់តាំងតែតារាសម្ដែងប្រុស BL Mew Suppasit ប្រកាសជាសាធារណៈថា លោកកំពុងតែមានទំនាក់ទំនងជាមួយនារីម្នាក់នៅបរទេសមក អ្នកកំលោះរូបនេះត្រូវបានមហាជនអ្នកគាំទ្រមួយចំនួនកើតក្តីមិនពេញចិត្ត ដោយយល់ថាលោកស័ក្តិសមជាមួយនឹងតារាប្រុស Gulf Kanawut ជាង ព្រោះអ្នកកំលោះទាំងពីរនេះធ្លាប់ក្លាយជាដៃគូគ្នាក្នុងប្រភេទរឿង BL (Type Tharn The Series)។
ជាការពិតមានអ្នកគាំទ្រថៃមួយចំនួនហាក់មិនព្រមបើកចិត្ត និង បែងចែកឱ្យដាច់រវាងជីវិតឯកជន និង ការងារសិល្បៈឡើយ ដូចនេះសម្រាប់ Mew ហាក់ទទួលសម្ពាធខ្លាំងខណៈដែលត្រូវបង្ហាញពីជីវិតស្នេហាពិតរបស់ខ្លួនជាសាធារណៈ។ ដោយឡែក ថ្មីៗនេះ ព្រោះតែមានអ្នកគាំទ្រមួយចំនួននៅតែនិយាយដដែលៗចង់ឱ្យលោក និង Gulf ផ្អែមល្ហែមគ្នាដូចមុន លោកក៏បានចេញមកទម្លាយពីទំនាក់ទំនងពិតប្រាកដដើម្បីឱ្យអ្នកគាំទ្រទាំងនោះអស់ចិត្ត។
ទម្លាយតាមរយៈបណ្ដាញសង្គម Twitter អ្នកកំលោះ Mew បានឱ្យដឹងថា ៖ «លោកមិនដឹងជាត្រូវបកស្រាយយ៉ាងណាទេ លោក និង Gulf លែងនិយាយគ្នាមក ២ ឆ្នាំហើយ អ្នកខ្លះគិតតែខ្លួនឯងហើយមករិះគន់លោក។ លោកពិតជាសុំការអភ័យទោសផងដែលពីមុនតែងបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំងឱ្យមានការយល់ច្រឡំ តែតាមពិតលោក និង Gulf រាប់អានគ្នាត្រឹមបងប្អូនប៉ុណ្ណោះ»។ លើសពីនោះ Mew ក៏បានបន្ថែមទៀតថា ៖ «អ្នកគាំទ្រខ្លះប្លែកណាស់ ដំបូងចង់ឱ្យនិយាយប្រាប់ការពិត លុះប្រាប់ពិតហើយបែរជាថាលោកមិនខ្វល់ពីអារម្មណ៍ពួកគេទៅវិញ»៕