ចិត្តបុណ្យណាស់! Mark Lee ហូតលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារស្ងាត់ៗ ជួយជនរងគ្រោះនៅស៊ីរី និង តួកគី
Mark Lee សមាជិកក្រុមចម្រៀងបុរស NCT ដែលជាសមាជិកមួយរូប មានតួនាទីជាច្រើននៅក្នុងក្រុមរបស់គេនោះ ឆ្នាំនេះទើបតែមានវ័យ ២៣ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និង ភាពសប្បុរសរបស់តារាប្រុសរូបនេះ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់នោះឡើយ។
ដោយឡែក យោងតាមសារព័ត៌មាន Xports បានរាយការណ៍កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅបានឱ្យដឹងថា ថ្មីៗនេះ Mark Lee បានបរិច្ចាគទៅដល់ជនរងគ្រោះ ដោយគ្រោះរញ្ជួយដីនៅប្រទេស ស៊ីរី និង តួកគី ចំនួន ១៥០ លានវ៉ុន ស្មើនឹងប្រមាណជា ១១៦ ៤៧៤ ដុល្លារ តាមរយៈសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge។
មិនតែប៉ុណ្ណោះ តាមប្រភពដដែលបានឱ្យដឹងទៀតថា Mark Lee បានធ្វើការបរិច្ចាគដោយផ្ទាល់ តាមរយៈគេហទំព័ររបស់សមាគមស្ងាត់ៗ ដោយមិនបានជូនដំណឹងដល់ខាងក្រុមហ៊ុនរបស់លោកឡើយ (ផលិតកម្ម SM)។ ក្រោយមក ខាង SM បានដឹងនូវរឿងនៃការបរិច្ចាគមួយនេះ នៅពេលដែលក្រុមការងារមកពីសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge បានទាក់ទងទៅដើម្បីសុំការបញ្ជាក់។
គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលតារាប្រុសវ័យ ២៣ ឆ្នាំរូបនេះ បានធ្វើការបរិច្ចាគដល់អ្នកដែលកំពុងតែត្រូវការពិតប្រាកដ ជាក់ស្ដែងឆ្នាំមុនៗកន្លងទៅ លោកក៏ធ្លាប់បរិច្ចាគយ៉ាងសន្ធឹកសន្ធាប់បែបនេះផងដែរ៕