Jackie ចេញមុខបកស្រាយ ក្រោយល្បីលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាប្រុសវ័យក្មេង
កាលពីពេលថ្មីនេះ តារាសម្ដែងស្រី Jackie Jacqueline ស្រាប់តែផ្ទុះល្បីកក្រើកជុំវិញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងតារាប្រុសវ័យក្មេងម្នាក់ឈ្មោះថា Joonior Kajbhunditt ដែលជាតារាប្រុសពន្លកថ្មីក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។
ហេតុផលដែលនាំឱ្យមហាជនមានការផ្ទុះសង្ស័យថា តារាស្រីប្រុសគូនេះលួចទាក់ទងគ្នានោះ ព្រោះគេឃើញ Jackie និង Joonior បណ្ដើរគ្នាទៅហូបស៊ុបនៅផ្សារទំនើបមួយកន្លែង ហាក់ជាមានភាពស្និទ្ធស្នាលគ្នាខ្លាំង។ ក្រោយរូបភាពនោះបែកធ្លាយអ្នកគាំទ្របានលើកឡើងថា នេះជាការបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈរបស់តារាស្រី Jackie។
ទន្ទឹមនឹងផ្ទុះការសង្ស័យមួយរយៈមក ថ្មីៗនេះតារាស្រី Jackie បានចេញមកបកស្រាយហើយ ដោយនាងបានទម្លាយថា ៖ «រូបភាពដែលមហាជនបានឃើញនោះមិនមែនជាការបើកបង្ហាញសង្សារអ្វីទេ រូបដែលបែកធ្លាយ និង បង្ហោះចែករំលែកតៗគ្នានោះ វាគ្រាន់តែជារូបភាពរួមការងារជាមួយគ្នាប៉ុណ្ណោះ តាមពិតក្នុងនោះមានមនុស្ស និង ក្រុមការងាររហូតដល់ ១០ នាក់ឯណោះ តែមហាជនហាក់ចាប់សង្កេតតែ ២ នាក់នាង និង Joonior»។
លើសពីនោះ ស្រីស្រស់ Jackie ក៏បានបន្ថែមទៀតថា ៖ «ខណៈនេះនាងនៅម្នាក់ឯងពិតប្រាកដមែនពុំទាន់មានសង្សារឡើយ ហើយមនុស្សប្រុសដែលនាងពេញចិត្តគឺជាមនុស្សចាស់ទុំ និង សម្បុរស្រអែម»៕