ម្ដាយបង្កើត Abby Choi យំបោកខ្លួន ស្រណោះកូនអស់បុណ្យទាំងបែកខ្ញែកស-ព នៅកន្លែងកើតហេតុ
កាលពីថ្មីៗនេះ ករណីតារាបង្ហាញម៉ូដហុងកុង Abby Choi ដែលត្រូវក្រុមគ្រួសារអតីតស្វាមីរួមគំនិតធ្វើឃាត បានកក្រើកពេញលើប្រព័ន្ធផ្សព្វផ្សាយចិន ហើយក្រៅពីជនសង្ស័យទាំង ៤ នាក់ ត្រូវបានចាប់ខ្លួន ទាក់ទងនឹងព័ត៌មានអំពីសាច់ញាតិរបស់តារាស្រីរូបនេះក៏ត្រូវបានមហាជនផ្តោតការតាមដានខ្លាំងផងដែរ។
បើយោងតាមការចុះផ្សាយរបស់ HK01 នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បានរាយការណ៍ថា គ្រួសារសាច់ញាតិ និង មិត្តភក្តិរបស់ Abby Choi បានទៅគោរពវិញ្ញាណក្ខន្ធរបស់នាង នៅទីតាំងកន្លែងកើតហេតុដែលគេបានកំណត់អត្តសញ្ញាណសព។
ខណៈពេលដែលអ្នករាល់គ្នាកំពុងអុជធូបនៅមុខទីតាំងកន្លែងកើតហេតុ ម្ដាយបង្កើតរបស់ Abby Choi បានយំឱបកូនប្រសាប្រុសនឹកស្តាយស្រណោះដល់កូនស្រី ដោយនិយាយទាំងទឹកភ្នែកថា ៖ «កូនស្រីលែងបានឃើញឯងទៀតហើយ អំពីសប្បុរសដែលបានធ្វើក្នុងជាតិនេះ ត្រូវបានគេកេងចំណេញពីឯង កូនស្រីល្ងង់»។
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ រយៈពេលមួយសប្ដាហ៍ហើយចាប់តាំងពីតារាបង្ហាញម៉ូដហុងកុង Abby Choi បានបាត់បង់ជីវិត ប៉ុន្តែបំណែកនៃរាងកាយរបស់នាងដែលសេសសល់ ដូចជា ដងខ្លួន និង ដៃ មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ៕