សារព័ត៌មានចិនចុះផ្សាយថា គ្រួសារអតីតស្វាមី Abby Choi អាចរួចផុតពីទោស បើរកបំណែករាងកាយនៅសល់មិនឃើញ
ថ្មីៗនេះ ករណីឃាតកម្មដ៏សាហាវឃោរឃៅដែលគ្រួសារអតីតស្វាមីរបស់តារាបង្ហាញម៉ូដហុងកុង Abby Choi បានរួមគំនិតគ្នាធ្វើឃាតលើរូបនាង បាន និង កំពុងធ្វើឱ្យកក្រើកពេញលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ហើយមហាជនជាច្រើនបានកំពុងអំពាវនាវឱ្យមានច្បាប់កាត់ទោសប្រហារជីវិតក្នុងប្រទេសចិនត្រឡប់វិញ បន្ទាប់ពីត្រូវបានលុបចោលកាលពីឆ្នាំ ១៩៩៣។
យ៉ាងណាមិញ មកដល់ពេលនេះសពរបស់តារាស្រីរូបនេះ ត្រូវបានគេរកឃើញត្រឹមតែលលាដ៍ក្បាលដែលនៅក្នុងឆ្នាំងស៊ុប និង បំណែកសពមួយចំនួនបានរក្សាទុកក្នុងទូទឹកកកប៉ុណ្ណោះ ប៉ុន្តែអ្វីដែលនៅសេសសល់ដែលក្រុមប៉ូលិសកំពុងតាមរុករកមិនទាន់ឃើញ គឺដូចជា ដងខ្លួន និង ដៃ របស់នាង ដោយមានដំរួយថាបំណែកទាំងនោះត្រូវបានគេបោះចោលនៅទីលានចាក់សំរាម។
ទោះជាយ៉ាងណា ប្រសិនបើបំណែកសពដែលនៅសេសសល់រកមិនទាន់ឃើញ ហើយជនសង្ស័យទាំង ៤ នៅតែមិនសារភាពមិនទទួលកំហុសកាត់ទោសពីបទមនុស្សឃាត ពួកគេអាចនឹងរួចផុតពីជាប់ទោស និង ផាកពិន័យ។
នេះបើយោងតាមការចុះផ្សាយរបស់ China Press និង Sin Chew បានរាយការណ៍ថា ប្រសិនបើបំណែកសពរបស់ Abby មិនត្រូវបានរកឃើញទេ ករណីនេះអាចនឹងមានការបាត់ភស្តុតាងដើម្បីធ្វើការចោទប្រកាន់លើគ្រួសារអតីតស្វាមីរបស់នាង ពីបទឃាតកម្ម។ ម្យ៉ាងវិញទៀត ផ្នែករាងកាយដែលត្រូវបានរកឃើញ គឺមិនអាចជួយអ្វីបានច្រើនឡើយ ជាពិសេសភស្តុតាងដែលត្រូវបានគេយកចម្អិន ដែលមន្រ្តីជំនាញផ្នែកកោសល្យវិច្ច័យ បាននិយាយថា DNA អាចបំផ្លាញយ៉ាងងាយ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគ្រួសារអតីតស្វាមី Abby កំពុងស្ថិតក្នុងការឃុំខ្លួន ហើយពួកគេមិនអនុញ្ញាតឱ្យធានាខ្លួនឱ្យនៅក្រៅឃុំបាននោះទេ ដោយសំណុំរឿងនេះត្រូវបានគេបើកសវនាការជំនុំជម្រះនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣៕