ធ្លាក់ខ្លួនដុនដាបទៅៗ ពេលនេះ Zheng Shuang ត្រូវបង់លុយជាង ១៧ លានដុល្លារសងផលិតកររឿង ក្រោយចាញ់ក្តី
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ បើតាមការចុះផ្សាយរបស់ 163 បានឱ្យដឹងថា អតីតតារាសម្ដែងស្រី Zheng Shuang បានចាញ់ពាក្យបណ្តឹង ហើយត្រូវសងសំណងដល់ផលិតកររឿងចំនួន ២ គឺរឿង «Jade Lovers» និង «Secret Keepers» ដោយនាងត្រូវបង់ថ្លៃសំណងរហូតដល់ ១៧.២ លានដុល្លារអាមេរិក។
ជាក់ស្ដែង បើតាមក្រុមហ៊ុនផលិតភាពយន្តទាំង ២ ដោយផលិតកររឿង «Jade Lovers» បានស្នើឱ្យតារាស្រីរូបនេះបង់ថ្លៃសំណងជាទឹកប្រាក់ចំនួន ៨ ៧០០ ០០០ ដុល្លារអាមេរិក ដោយសារតែរឿងអាស្រូវរបស់នាង បានធ្វើឱ្យរឿងមិនអាចចាក់ផ្សាយ ដោយគម្រោងក្នុងរឿងនេះ ត្រូវបានចំណាយផលិតអស់ ៣១ ៩៧០ ០០០ ដុល្លារអាមេរិក។ សម្រាប់ផលិតកររឿង «Secret Keepers» ក៏បានស្នើសុំតារាស្រីរូបនេះឱ្យសងសំណងជាទឹកប្រាក់ចំនួន ៨ ៧០០ ០០០ ដុល្លារអាមេរិក ក្នុងហេតុផលដូចគ្នានេះ។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានដដែលបាននិយាយថា Zheng Shuang គឺកំពុងជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ដោយកន្លងមកនាងបានលក់ទ្រព្យសម្បត្តិផ្ទាល់ ដើម្បីបង់ផាកពិន័យអស់ប្រមាណជាង ៤៦ លានដុល្លារអាមេរិក ចំពោះរឿងអាស្រូវគេចពន្ធ។ បច្ចុប្បន្ននេះ តារាស្រីរូបនេះក៏បានទៅរស់នៅសហរដ្ឋអាមេរិក ដូច្នេះមិនប្រាកដទេថានាងអាចមានលទ្ធភាពដោះស្រាយបញ្ហាសំណងនេះ ទៅកាន់ផលិតកររឿងទាំង ២៕