ឪពុក Zheng Shuang បដិសេធពាក្យចចាមអារ៉ាមថាកូនស្រីមិនត្រឡប់មកចិនវិញ ព្រោះរឿងបំណុលពន្ធ
យោងតាមការចុះផ្សាយរបស់ Sina កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ បានឱ្យដឹងថា លោក Zheng Chenghua ដែលត្រូវជាឪពុកបង្កើតរបស់តារាសម្ដែងស្រី Zheng Shuang បានសរសេរសំបុត្រមួយច្បាប់ទៅកាន់មហាជន និង អតីតមិត្តប្រុសរបស់កូនស្រីរបស់គាត់។
ក្នុងនោះ ឪពុករបស់តារាស្រី Zheng Shuang ក៏បានបង្ហាញនូវបង្កាន់ដៃដែលគាត់បានបង់ពន្ធចំនួន ៣០០ លានយ័ន (ប្រហែល ៤៣ ៨៦៣ ០០០ ដុល្លារអាមេរិក) ជាសាធារណៈ បន្ទាប់ពីរឿងអាស្រូវគេចពន្ធរបស់កូនស្រីនៅតែបន្តផ្សព្វផ្សាយ។
យ៉ាងណាមិញ ទង្វើឪពុករបស់តារាស្រី Zheng Shuang គឺមានគោលបំណងចង់បញ្ជាក់អំពីពាក្យចចាមអារ៉ាមដែលថា កូនស្រីរបស់លោកនឹងរស់នៅអាមេរិកជារៀងរហូតហើយមិនត្រឡប់មកប្រទេសចិនវិញនោះទេ ដោយសារតែរឿងអាស្រូវគេចពន្ធ ដូច្នេះគាត់ចង់បង្ហាញថានេះជាព័ត៌មានមិនពិត។
ជាមួយគ្នានោះដែរ លោក Zheng Chenghua ក៏បាននិយាយថា ប៉ុន្មានឆ្នាំមកនេះ កូនស្រីរបស់លោករងសម្ពាធផ្លូវចិត្តខ្លាំង ដោយសារតែអតីតមិត្តប្រុសរបស់នាង ប៉ុន្តែពេលនេះ កូនស្រីរបស់លោកអាចទទួលយករឿងគ្រប់យ៉ាងដែលបានកើតឡើង និង ចាប់ផ្តើមជីវិតថ្មីជាមួយកូនទាំងពីរ ដោយមិនចាប់អារម្មណ៍ចូលក្នុងវិស័យសិល្បៈនោះទេ៕