ភ្ញាក់ផ្អើល! ផ្ទេរតំណែងបាន ២ ថ្ងៃ អ៊ិន លក្ខិណា ប្រកាសចូលប្រកួត Miss Grand កម្ពុជា ២០២៣ វឹង
មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានជ្រាបហើយពីកញ្ញា អ៊ិន លក្ខិណា ដែលជាម្ចាស់ជ័យលាភីលំដាប់រង ១ នៃកម្មវិធី Miss Grand Cambodia ២០២១ និង បានក្លាយជាម្ចាស់មកុដ Miss Supranational Cambodia ឆ្នាំ ២០២១ ដោយបានតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Supranational អំឡុងឆ្នាំ ២០២២ កន្លងទៅ។
ក្រោយពីបំពេញបេសកម្មតំណាងប្រទេសរួច បវរកញ្ញា អ៊ិន លក្ខិណា ក៏នៅតែទទួលបានការចាប់អារម្មណ៍ដដែល ជាមួយនឹងសកម្មភាពរបស់នាងក្នុងវិស័យបវរកញ្ញាផ្សេងៗ និង ជាគ្រូបង្វឹកដើរម៉ូដមួយរូបផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ម្ចាស់មកុដ Miss Supranational Cambodia 2021 រូបនេះ ក៏ដល់វេលាត្រូវផ្ទេរតំណែងទៅដល់ម្ចាស់ជ័យលាភីថ្មីនៃកម្មវិធីដែលបានប្រកួតជ្រើសរើសរាជិនីគ្រងមកុដឆ្នាំ ២០២៣ គឺបានទៅលើកញ្ញា លី ជីលី។
ដោយឡែក ក្រោយពីបានផ្ទេរតំណែង Miss Supranational Cambodia 2021 បាន ២ ថ្ងៃ ពោលនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ នេះ កញ្ញា អ៊ិន លក្ខិណា ក៏បានប្រកាសចូលប្រកួតដណ្ដើមមកុដម្ដងទៀតក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៣ នេះ។
ក្រោយទទួលដំណឹងនេះដែរ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង និង ចូលបញ្ចេញមតិបង្ហាញការគាំទ្រលើកទឹកចិត្តដល់រូបនាងក្នុងដំណើរការប្រកួតជាថ្មីនេះផងដែរ៕