ក្រោយសឹកពីព្រះសង្ឃ Parry ក្លាយជាស្រីស្អាត មានសង្សារសង្ហា និង ក្ដាប់ការងារសិល្បៈជាច្រើន
ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និង ព័ត៌មានសិល្បៈកម្សាន្តថៃច្បាស់ជាបានស្គាល់រួចមកហើយព្រះសង្ឃព្រះនាមថា Praiwan Wannabutr ដែលជាព្រះសង្ឃមួយអង្គឧស្សាហ៍ចេញមក Live តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្នុងការចែកចាយធម្មទានដល់ពុទ្ធសាសនិក។
ដោយឡែក ខណៈនេះ ក្រោយបានលាចាកសិក្ខាបទហើយ អតីតព្រះសង្ឃ Praiwan បានប្រែក្លាយជាស្រីស្អាត និង ក្ដាប់បានឳកាសការងារសិល្បៈធ្វើជាពិធីការិនីក្នុងស្ថានីយទូរទស្សន៍ទៀតផង។ មិនតែប៉ុណ្ណោះ អតីតព្រះសង្ឃ Praiwan បានប្ដូរឈ្មោះរបស់ខ្លួនទៅជាឈ្មោះ Parry ទៀតផង។
មិនត្រឹមតែប្តូរឈ្មោះ សូម្បីតែអត្តចរិត ការស្លៀកពាក់ក៏ Parry ប្តូរមកជាមនុស្សស្រីទាំងស្រុងផងដែរ។ Parry ហាក់ជាពេញចិត្តនូវជីវិតបច្ចុប្បន្នរបស់ខ្លួនជាខ្លាំង ដោយទៅណាមកណា គឺតែងខ្លួនជាមនុស្សស្រីជាប្រចាំ។ បើវិលទៅអតីតកាលបន្ដិច គេចាំបានថាកាលពីParry ទើបតែលាចាសិក្ខាបទដំបូងៗ នាងទទួលបានការរិះគន់ និង តិះដៀលពីសំណាក់មហាជនថៃជាខ្លាំង តែដោយនិស្ស័យពីធម្មជាតិ នាងបានបង្ហាញពីភាពពិតរបស់ខ្លួន ទទួលស្គាល់ការពិត និង ជឿជាក់លើខ្លួនឯងថាអាចយកឈ្នះនូវបញ្ហាទាំងនោះបាន រហូតមកទល់ពេលនេះ គឺពុំមាននរណារិះគន់ទៀតឡើយ ពោលគឺមានតែគាំទ្រ និង លើកទឹកចិត្ត។
មិនតែប៉ុណ្ណោះ សម្រាប់ Parry ពេលនេះ នាងក៏បានទម្លាយមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈផងដែរ ដោយសង្សារបស់នាងនោះ គឺកំលោះវ័យក្មេងម្នាក់មានអាយុប្រមាណជាខ្ទង់ ២០ ឆ្នាំ។ ជារឿយៗ គេតែងឃើញគូស្នេហ៍គូនេះ បង្ហាញភាពស្និទ្ធស្នាលនឹងគ្នាណាស់លើបណ្ដាញសង្គមហ្វេសប៊ុករហូតនាំឱ្យអ្នកគាំទ្រខ្លះលួចច្រណែនថែមទៀតផង៕