គូព្រេងទេវតាប្រទាន! គ្រាន់តែតម្លៃថតរឿងមួយភាគរបស់ប្តីប្រពន្ធ Bin-Jin អាចទិញផ្ទះមួយជុងរស់នៅយ៉ាងស្រួល
មិនត្រឹមតែមានជីវិតគូពេញដោយសុភមង្គលប៉ុណ្ណោះទេ ចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍ Bin-Jin ថែមទាំងជួយឱ្យទ្រព្យសម្បត្តិរបស់អ្នកទាំងពីរកើនឡើងច្រើនទ្វេដងទៀតផង។
យ៉ាងណាមិញ បច្ចុប្បន្ននេះប្តី-ប្រពន្ធតារាសម្ដែងកូរ៉េដ៏ល្បី Hyun Bin និង Son Ye Jin ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងវិស័យភាពយន្តកម្សាន្តរបស់កូរ៉េ ហើយអ្នកទាំងពីរគឺជាតារាប្រុសស្រីដែលអាចរកប្រាក់ចំណូលបានខ្ពស់បំផុតសម្រាប់ការថតសម្ដែងក្នុងរឿងភាគ។
បើតាមការឱ្យដឹងបន្ថែមទៅលើប្រាក់ចំណូលដែលបានពីការថតរបស់តារាសម្ដែងប្រុស Hyun Bin គឺក្នុងមួយវគ្គ តារាប្រុសរូបនេះអាចរកបានដល់ ១១៣ ០០០ ដុល្លារអាមេរិក ចំណែកឯតារាសម្ដែងស្រី Son Ye Jin ដ្បិតថាចាប់តាំងពីរៀបការ និង សម្រាលកូនហើយ នាងមិនសូវសកម្មក្នុងវិស័យភាពយន្តដូចពីមុនក៏ដោយ ប៉ុន្តែចំណូលដែលនាងរកបានពីការថតសម្ដែងក្នុងមួយវគ្គ គឺបាន ៧៧ ០០០ ដុល្លារអាមេរិក។
ក្រៅពីចំណូលដ៏ច្រើនដែលបានពីការថតរឿងភាគហើយ អ្នកទាំងពីរក៏រកចំណូលបានច្រើនពីការថតផ្សាយពាណិជ្ជកម្មផងដែរ៕