ម៉ែ Leena សំពះសុំទោសតារាហ្វេសប៊ុក Parry រឿងបោចសក់ក្នុង Live ហើយថាមកពីម៉ែស្រឡាញ់ ទើបបោចសក់ញោះលេង
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ យប់មិញនេះ រឿងរ៉ាវតារាហ្វេសប៊ុកល្បីឈ្មោះ Parry និង ម៉ែ Leena Jung កំពុងតែល្បីកក្រើកពេញសង្គមសិល្បៈថៃ ក្រោយពីអ្នកទាំងពីរផ្ទុះពាក្យសម្ដីជាមួយគ្នាជាខ្លាំងផ្អើលអ្នកសិល្បៈ ក្រោយ ម៉ែ Leena Jung បានចាប់បោចសក់របស់តារាហ្វេសប៊ុកភេទទី ៣ Parry ចេញពីលើក្បាលខណៈកំពុង Live ផ្ទាល់ ហើយមានមនុស្សរាប់ពាន់នាក់កំពុងតែទស្សនា។
ជុំវិញទង្វើមួយនេះ Parry ដែលត្រូវគេបោចសក់ហាក់មានក្តីអាម៉ាស់ និង មានចិត្តខឹងចំពោះម៉ែ Leena Jung ជាខ្លាំង ដោយនាងយល់ថាជាទង្វើអសីលធម៌ និង មិនចាត់ទុកជាការលេងសើចឡើយ គឺជាការមើលងាយ និង មិនឱ្យកិត្តិយសអ្នកដទៃទៅវិញទេ។ ដោយកើតក្តីខឹង Parry បានចេញបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនដោយពាក្យសម្ដីធ្ងន់ៗទៅកាន់ម៉ែ Leena។
តារាហ្វេសប៊ុករូបនេះបានសរសេរឡើងថា ៖ «ពិតជាថោកទាបមែន ថោកជាការគិតឆ្ងាយណាស់»។ លើសពីនោះ Parry ក៏បានចេញមក Live ដោយបានប្រកាសថារូបគេនឹងមិនរួមការងារជាមួយនឹងបុគ្គល Leena Jung តទៅទៀតឡើយ។ Parry បានបញ្ជាក់ក្នុងការ Live របស់នាងថា ៖ «សូមប្រកាសតាមរយៈ Live មួយនេះ មនុស្សដូចអ្នកមិនទទួលបានការឱ្យតម្លៃពីខ្ញុំឡើយ សូម្បីតែពាក្យថាម៉ែពីមុនក៏ខ្ញុំលែងហៅដែរ មិនចាំបាច់ជួបគ្នាទៀតទេពីពេលនេះតទៅ។ សូមឱ្យប្រិយមិត្តជាសាក្សី អ្នក និង ខ្ញុំមិនបាច់ជួបគ្នាទៀតឡើយ ហើយក៏មិនបាច់មកសុំអភ័យទោសដែរ មិនមែនស្អប់អ្នកទេតែក៏មិនចង់លើកលែងទោសឱ្យដែរ ព្រោះកន្លងមកម្នាក់ៗអត់ឱនឱ្យអ្នកមកច្រើនសាហើយ»។
យ៉ាងណាមិញ បន្ទាប់ពីរឿងនេះបានផ្ទុះកក្រើក និង រិះគន់ទៅលើទង្វើមិនគួរសមនេះភ្លាម ទីបំផុតម៉ែ Leena បានចេញមុខសូមទោសទៅដល់ Parry ជាសាធារណៈហើយ ដោយ Leena បាននិយាយថា ៖ «ម៉ែសូមអភ័យទោស គឺម៉ែស្រឡាញ់ Parry ទើបលេងសើចជាមួយកូន ហើយកាលដែលម៉ែទៅទាញសក់ចេញនោះ គ្រាន់តែចង់ញោះកូនលេងតែប៉ុណ្ណោះ តែប្រសិនបើកាយវិការដែលម៉ែលេងទៅជ្រុល ម៉ែសូមទោស ព្រោះម៉ែមិនគិតថា ធ្វើឱ្យកូនខឹង និង មិនសប្បាយចិត្តដល់ម្លឹងឡើយ»៕