ក្តៅៗ នៅសៀមរាប ក្រៅពីហាមលេងបាញ់ទឹកក្រៅតំបន់អនុញ្ញាត រដ្ឋបាលក៏ហាមលេងល្បែងស៊ីសង អុជផាវ និង គ្រឿងផ្ទុះគ្រប់ប្រភេទ
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពី «ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត»។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះ ចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ដោយ ៖
១. ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសអនុវត្តតាមសញ្ញាបញ្ជារបស់សមត្ថកិច្ចនៅតាមដងផ្លូវជាក់ស្ដែង។
២. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និង ម្ចាស់ការខ្ពស់ចំពោះភ្លើងទៀនធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និង អ្នកដទៃ។
៣. ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និង ចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក ក្រៅពីតំបន់ដែលបានអនុញ្ញាត និង ហាមការលេងគប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬ អ្នកជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅ តាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និង អ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និង គ្រឿងផ្ទះ គ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។
៤. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និង បរិស្ថាន អនាម័យ ចៀសវាងការឆ្លងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧៕
សូមអានសេចក្ដីណែនាំលម្អិត ដែលមានភ្ជាប់ជូនខាងក្រោម ៖