លោក Richard Ng Yiu-hon តួគ្រូចាប់ខ្មោចល្បីហុងកុង បានទទួលមរណភាពហើយ ក្នុងវ័យ ៨៣ ឆ្នាំ
តារាសម្ដែង និង ជាអ្នកកំប្លែងដ៏ល្បីឈ្មោះប្រចាំហុងកុង Richard Ng Yiu Hon បានទទួលមរណភាពហើយក្នុងវ័យ ៨៣ ឆ្នាំ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយបេះដូងរបស់លោកគាំងលែងដើរ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យ។
ដំណឹងដ៏សោកសៅនៃមរណភាពរបស់តារាជើងចាស់រូបនេះ ត្រូវបានប្រកាសដោយសមាជិកក្រុមគ្រួសាររបស់លោក ដែលត្រូវបានក្រុមគ្រូពេទ្យទាក់ទងឱ្យទៅជួបមុខលាគ្នាជាលើកចុងក្រោយនៅមន្ទីរពេទ្យ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Oriental Daily។
ជាមួយគ្នានោះដែរ បើតាមការចេញផ្សាយពីសារព័ត៌មានរបស់ម៉ាឡេស៊ី បានឱ្យដឹងថា តារាសម្ដែង Richard បានចូលព្យាបាលនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះលោកដែរ ប៉ុន្តែបេះដូងរបស់លោកលែងដំណើរការទៅហើយ។ កាលពីឆ្នាំ ២០២១ ក្នុងកិច្ចសម្ភាសមួយ តារាសម្ដែង Richard ធ្លាប់បានទម្លាយថា ក្រលៀនរបស់លោកមានត្រឹម ១០ ភាគរយប៉ុណ្ណោះដែលដំណើរការ និង តម្រូវឱ្យលោកទទួលការលាងឈាមជាប្រចាំ ថែមទាំងត្រូវពេទ្យណែនាំឱ្យធ្វើការប្ដូរក្រលៀនចេញទៀតផង។ យ៉ាងណាមិញ ដោយវ័យចាស់ជរាផង និង ជំងឺប្រចាំកាយផង ធ្វើឱ្យរាងកាយលោកចុះខ្សោយទៅៗ រហូតធ្លាក់ខ្លួនធ្ងន់ធ្ងរដល់វេលាចុងក្រោយនាពេលថ្មីៗនេះ៕
គួររំឭកថា តារាសម្ដែង Richard Ng Yiu-hon គឺជាតារាជើងចាស់មួយរូប ផ្ទុះប្រជាប្រិយភាពខ្លាំងនៅអំឡុងឆ្នាំ ៨០-៩០ ព្រោះទេពកោសល្យសម្ដែងដ៏ល្អឥតខ្ចោះ បូករួមនឹងការលេងទឹកមុខកាយវិការកំប្លុកកំប្លែង ធ្វើឱ្យមហាជនសើចសប្បាយរីករាយមើលមិនជិតណាយនោះឡើយ។ កេរ្តិ៍ឈ្មោះរបស់លោក កាន់តែមានអ្នកស្គាល់ខ្លាំង នៅពេលដែលសម្ដែងជាតួអង្គគ្រូចាប់ខ្មោច៕