ទាក់ទងគ្នា ១៦ ឆ្នាំហើយ តែចំណងស្នេហ៍ភេទដូចគ្នារបស់តារាស្រី Susanna Kwan នៅតែស្អិតល្មួត
ចាប់តាំងតែពីប្រកាសពីទំនាក់ទំនងស្នេហាភេទដូចគ្នាជាសាធារណៈមក តារាសម្ដែងស្រីជើងចាស់ប្រចាំ TVB តែងទៅណាមកណាជាមួយគ្នា បង្ហាញភាពផ្អែមល្ហែម ពោរពេញដោយភាពរីករាយមិនសូវជាដាច់ឡើយ។
និយាយពីជីវិតស្នេហាភេទដូចគ្នានេះដែរ តារាស្រីវ័យ ៦៥ ឆ្នាំរូបនេះ បានទម្លាយឱ្យដឹងថា ជីវិតរបស់នាងសព្វថ្ងៃគឺនឹងនរណាស់ ហើយសំខាន់ជាងនេះទៅទៀតនោះ នាងតែងតែមានគូស្នេហ៍ និង មិត្តភក្តិក្បែរខ្លួននាងជានិច្ច។ រាល់ពេលសប្បាយ និង កើតទុក្ខ នាងតែងចែករំលែកជាមួយគូស្នេហ៍ជានិច្ច។ ជាក់ស្ដែង រាល់ពេលដែលនាងឈឺ ទោះកណ្ដាលយប់ក៏ដោយ ក៏គូស្នេហ៍នាងដឹកនាងទៅមន្ទីរពេទ្យផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន តារាស្រី Susanna Kwan បាននិយាយថា៖ «មកដល់វ័យនេះ ខ្ញុំសុំតែមានសន្តិភាព ទាំងសន្តិភាពផ្លូវចិត្ត សុខភាពល្អ អាយុកាន់តែចាស់ ខ្ញុំកាន់តែសង្ឃឹម»។ តារាស្រី Susanna បានឱ្យដឹងទៀតថា នាង និង គូស្នេហ៍ គឺរីករាយជាមួយគ្នាណាស់ ប៉ុន្តែនៅមិនធ្លាប់គិតរឿងចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ បើទោះជាទាក់ទងមើលចិត្តថ្លើមគ្នាអស់ពេល ១៦ ឆ្នាំហើយក៏ដោយ។
គួររំឭកថា តារាសម្ដែងស្រី Susanna Kwan បានជួបគ្នាជាមួយអ្នកជំនួញស្រីវ័យក្មេង Willy Chow ដំបូងក្នុងឆ្នាំ ២០០៧ ពេលពួកគេបានអញ្ជើញចូលរួមកម្មវិធីជប់លៀងមួយជាមួយគ្នា៕