ស្ងាត់ៗ! អ្នកចាត់ការក្រុម BTS ទិញយកវីឡាដ៏ស្កឹមស្កៃរបស់តារាកំប្លែង Trevor Noah ក្នុងតម្លៃជិត ៣០ លានដុល្លារ
ទីបំផុត វីឡាដ៏ស្កឹមស្កៃដែលធ្លាប់ជាកម្មសិទ្ធិរបស់តារាកំប្លែង Trevor Noah ជាប្រភេទផ្ទះ Bel-Air ត្រូវបានគេទម្លាយឱ្យដឹងហើយថា ត្រូវបានទិញយកឡើងដោយស្ថាបនិកក្រុមហ៊ុន HYBE និង ជាអ្នកបង្កើតក្រុមចម្រៀង BTS ព្រមទាំងជាសហគ្រិនមួយរូបដ៏មានបំផុតក្នុងប្រទេសកូរ៉េខាងត្បូងហើយ។
បើយោងតាមរបាយការណ៍របស់ TheRealDeal បានឱ្យដឹងថា លោកបានទិញវីឡាប្រណីត មានទំហំ ១១ ៤០០ ម៉ែត្រការ៉េ គឺមានទីតាំងនៅផ្លូវ Stradella ក្នុងប្រទេសអ៊ីតាលី ក្នុងតម្លៃ ២៦.៤ លានដុល្លារ។ នេះបើផ្អែកលើការស្ទង់មតិលើគេហទំព័រចុះបញ្ជីផ្សេងៗ។
តាមព័ត៌មានបានឱ្យដឹងបន្តទៀតថា វីឡាខាងលើនេះដំបូងឡើយជាកម្មសិទ្ធិរបស់លោក Trevor Noah ដែលបានទិញកាលពីឆ្នាំ ២០២០ ក្នុងតម្លៃ ២៩ លានដុល្លារ ហើយលោកក៏បានដាក់លក់វិញក្នុងតម្លៃដំបូងគឺ ២៩.៨ លានដុល្លារ។
គួរឱ្យដឹងផងដែរថា លក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃវីឡារបស់ Trevor Noah ដែលលក់នោះ រួមមានអាងហែលទឹកដ៏ស្រស់បំព្រង ស្ប៉ាបែបជប៉ុនដ៏ប្រណីត និង រានហាលដែលល្អឥតខ្ចោះសម្រាប់រៀបចំពិធីជប់លៀងអាហារពេលល្ងាច៕