ដឹងថា Paing Takhon មកដល់កម្ពុជារសៀលនេះ សុតធីតា បង្ហោះសារមួយភ្លែត
មហាជននិយមតានដានខ្សែភាពយន្តរបស់ផលិតកម្ម LD ច្បាស់ជាបានជ្រាបមកហើយថា កាលពីអំឡុងឆ្នាំ ២០១៩ ក្រោយពីទទួលបានការគាំទ្រ និង ភាពជោគជ័យយ៉ាងខ្លាំងក្នុងការផលិតរឿង «The Clock» ហើយនោះ ខ្សែភាពយន្តនេះក៏បានដំណើរការផលិតនូវវគ្គ ២ បន្ថែមទៀត ដែលមានចំណងជើងថា «The Clock: Red Wall»។
ក្នុងរឿង «The Clock: Red Wall» នោះ ក៏មានចូលរួមសម្តែងជាតួឯកដោយ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា និង តារាសម្តែងប្រុសដ៏ស្រស់សង្ហាភូមាគឺលោក Paing Takhon។
បើក្រឡេកទៅមើលដំណើរការចាប់ផ្តើមនៃការថត មិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយនោះទេ ក៏ព្រោះការរីករាលដាលជំងឺកូវីដ-១៩ ហើយក្រោយមកតួឯកប្រុសក៏ត្រូវបានជាប់នឹងរឿងរ៉ាវចម្រូងចម្រាស់នៅឯប្រទេសភូមា រហូតត្រូវបានឃុំឃាំងខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ យ៉ាងណា នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ តារាសម្ដែង Paing Takhon ក៏ត្រូវបានរដ្ឋាភិបាលប្រទេសភូមាសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញដែរ ប៉ុន្តែដំណើរនៃការចាប់ផ្តើមថតរឿង «The Clock: Red Wall» ក៏នៅមិនទាន់ដំណើរការវិញនៅឡើយទេ។
ដោយឡែក នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រលោក Paing Takhon ពិតជាភ្ញាក់ផ្អើល និង រំភើបយ៉ាងខ្លាំង បន្ទាប់ពីលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហោះរូបភាព និង សារថា តារាសម្ដែង និង តារាបង្ហាញម៉ូដរូបសង្ហាមីយ៉ាន់ម៉ារូបនេះ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ៤ ល្ងាចនេះ។ ដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមការងារនឹងលោកជាច្រើនក្នុងប្រទេសកម្ពុជា មានការរំភើបយ៉ាងខ្លាំង ក្នុងការមកដល់របស់លោក Paing ក្រោយពីលោកខកខានមកកម្ពុជា និង ជួបព្យុះភ្លៀងជាច្រើននៅឯស្រុកកំណើតនោះ។
ងាកទៅកាន់ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ក្រោយពីដំណឹងនៃការមកកម្ពុជារបស់ Paing Takhon បានចែកចាយលើបណ្តាញសង្គមហើយនោះ ស្រាប់តែស្រីស្រស់រូបនេះ បានបង្ហោះរូបភាពអមនឹងសារថា ៖ «Hello ចា! ថាម៉េចមកដល់ហើយឬ?»។ សារនោះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រច្បាស់ចិត្តថា កញ្ញា ប៉ូគឹមថេង សុតធីតា ច្បាស់ជាផុសឡើងសំដៅទៅលើលោក Paing Takhon ជាក់ជាមិនខាន។
ម្យ៉ាងវិញទៀត មហាជនអ្នកគាំទ្រក៏កំពុងតែរង់ចាំការថតបញ្ចប់ និង បានទស្សនាស្នាដៃដំបូងនៃការចូលរួមសម្តែងពីតារាប្រុសភូមា Paing Takhon និង Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា ក្នុងរឿង «The Clock: Red Wall» ដែលខកខានថតច្រើនឆ្នាំមកនេះ៕