ជិតការទៅហើយ បែរ Kimberly ប្រកាសលក់ផ្ទះ អ្នកគាំទ្រចង់ដឹងខ្លាំង ជីកសួររហូតធ្លាយមូលហេតុ
ចាប់តាំងពីថ្ងៃដែលប្រកាសដំណឹងថា នឹងចូលរោងការនាពេលឆាប់ៗខាងមុខមក គូស្នេហ៍យិនសិន Kimberly និង Mark ហាក់រឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើសដើម ព្រោះម្នាក់ទន្ទឹងរង់ចាំអ្នកទាំងពីរគ្រងឈុតកូនក្រមុំកូនកំលោះអស់ជាង ៩ ឆ្នាំទៅហើយ។
ដោយឡែក ទន្ទឹមនឹងមហាជនអង្គុយរង់ចាំមើលថ្ងៃពិសេសរបស់អ្នកទាំងពីរ ស្រាប់តែថ្មីៗនេះតារាស្រី Kimberly បែរជាប្រកាសលក់ផ្ទះរបស់នាង និង គូស្នេហ៍មួយកន្លែងនៅក្នុងខេត្ត ណៈខនណាយុគទៅវិញ រហូតធ្វើឱ្យអ្នកគាំទ្រឮហើយភ្ញាក់ផ្អើល និង ចង់ដឹងព្រាតថា តើនាងមានបញ្ហាអ្វីឬបានជានាងប្រកាសលក់ផ្ទះបែបនេះ។
ទោះយ៉ាងណា ក្រោយដំណឹងនេះធ្វើឱ្យមហាជនជ្រួលច្របល់ចង់ដឹងពេកនោះ ទីបំផុត សាមីខ្លួនតារាស្រី Kimberly ផ្ទាល់ បានចេញមុខបកស្រាយពីមូលហេតុដែលនាងសម្រេចចិត្តលក់ផ្ទះមួយកន្លែងនេះហើយ ពោលគឺនាងបានបញ្ជាក់ថា មូលហេតុដែលនាងលក់ ដោយសារតែរយៈពេលជាង ៣ ឆ្នាំមកនេះ នាងមិនសូវបានទៅរស់នៅ និង មើលថែ ព្រោះរវល់ស្នាក់នៅផ្ទះដែលនៅទីក្រុងបាំងកកជាង ដូច្នេះទើបនាងសម្រេចចិត្តលក់មួយកន្លែងតែម្តងទៅ៕