អបអរ ១ លាន View អរគុណបងប្អូនដែលបានចូលរួមទស្សនាលើកទឹកចិត្ត ជាកម្លាំងដល់សិល្បករ និង ក្រុមការងារទាំងអស់លះបង់គ្រប់យ៉ាងដើម្បីបទមួយនេះ គ្រប់យ៉ាងកើតចេញពីបេះដូង ក្តីស្រឡាញ់ តបស្នងចំពោះមាតុភូមិ ជាទីស្រឡាញ់របស់យើង
អរគុណតារាចំរៀងទាំងអស់ដែលព្រមរួមគ្នា លំបាកជាមួយគ្នា ងើបតាំងពីម៉ោង ២ ភ្លឺ អរគុណដែលព្រមឈរក្រោមកំដៅថ្ងៃ ដាច់បាយ អត់ហ៊ានសម្រាក ព្រោះយើងមានពេលតែ ១ ថ្ងៃ សម្រាប់ថតបទនេះ គ្រប់គ្នាក៏ព្រមថតអត់សម្រាក រហូតមានអ្នកខ្លះដួលសន្លប់ ដឹកទៅពេទ្យភ្លាមៗ ធូរបានបន្តិចក៏ត្រឡប់មកថតវិញ ធ្វើយ៉ាងណាបំពេញការងារជូនជាតិឱ្យបានទាន់ពេលវេលាដោយក្តីស្រឡាញ់ចេញពីបេះដូង អស់កម្លាំងកាយ តែកម្លាំងចិត្តជូនជាតិ។
ពិតជាមានថាមពលខ្លាំងណស់ សម្រាប់ពួកគាត់អរគុណបងៗ Beyond the Games ជាពិសេសបង សុខ សប្បាយណា ដែលបានខ្នះខ្នែង សម្របសម្រួលគ្រប់យ៉ាង យើងដោះបញ្ហាជាមួយគ្នា សម្រេចជោគជ័យជាមួយគ្នា បើគ្មានការចូលរួមពីបងៗ យើងពិតជាមិនអាចសម្រេចបាននូវសមិទ្ធផលនេះទេ អរគុណក្រុមការងារពាក់ព័ន្ធទាំងអស់ដែលមានបេះដូង យើងស្ម័គ្រធ្វើដើម្បីជាតិ ហើយនេះជារឿងបន្តិចបន្តួចដែលយើងអាចធ្វើបាន ដើម្បីតបស្នងមាតុភូមិរបស់យើង សុំទោសដែលគម្រោងផលិតបទនេះលឿនពេក ពេលវេលាខ្លីពេក ធ្វើឱ្យអ្នកទាំងអស់គ្នាលំបាក តែការដែលយើងលំបាកជាមួយគ្នា តស៊ូ ជាមួយគ្នា ជំនះឧបសគ្គជាមួយគ្នា នោះទើបជាអនុស្សាវរីយិ៍នៃការចងចាំដ៏ល្អបំផុត ។
ដំណើររឿងនៃការផលិតបទនេះ ៖ ពួកយើងបានជួបគ្នាដោយចៃដន្យ ហើយយើងនាំគ្នាជជែកគ្នាថា ក្នុងនាមជាកូនខ្មែរម្នាក់ យើងគួធ្វើអ្វីមួយជួយជាតិរបស់យើង ក្នុងកំឡុងពេលដែលប្រទេសយើងមានមោទកភាពធ្វើជាម្ចាស់ផ្ទះសុីហ្គេម ភ្លាមៗពួកយើងនាំគ្នានិយាយលេងថា ធ្វើបទចំរៀងមួយទៅ ទាំងដែលយើងដឹងហើយថា គឺមិនអាចទៅរួចទេ ព្រោះពេលខ្លីណាស់ តែកំលាំងចិត្តជំរុញឱ្យពួកយើងសាកល្បងធ្វើ ព្រោះយើងជឿថា ពេលយើងមានគំនិតធ្វើអ្វីមួយដើម្បីជាតិ គ្រប់គ្នា ពិតជាយោគយល់ គ្រប់គ្នាពិតជាជួយយើង ទីបំផុត យើងមានពេល ២ ថ្ងៃ ក្នុងការរៀបចំក្រុមការងារថត ទីតាំង បច្ចេកទេស កាមេរ៉ា prop និង ក្រុមរាំ ១០០ នាក់ គ្រប់គ្នាពិតជាជួយយើងមែន ដូចអ្វីដែលយើងបានគិត ហើយយើងក៏ថតបានដោយជោគជ័យ គឺចាប់ផ្តើមម៉ោង ២ ភ្លឺ ចប់ម៉ោង ៥ ល្ងាច សំណាងណាស់ រៀបចំទុកដាក់អីវ៉ាន់រួចរាល់ ភ្លៀងក៏ធ្លាក់មកយ៉ាងខ្លាំង យើងបានឈរក្រោមភ្លៀងញញឹមទទួលយកពរជ័យ ព្រោះពួកយើងជួបឧបសគ្គច្រើនណាស់តាំងពីមុនថត រហូតដល់ថ្ងៃថតជួបឧបសគ្គតាំងពីព្រឹករហូតដល់ថតចប់ តែនៅតែមានឧបសគ្គមកជាបន្តបន្ទាប់ តែពួកយើងបែរជាសើចញញឹមជាមួយបញ្ហា ព្រោះយើងសាំនឹងបញ្ហាទៅហើយ ទីបំផុតពួកយើងក៏ដោះស្រាយបានគ្រប់បញ្ហាបានទៀត (អំពើល្អបានធ្វើឱ្យយើងសម្រេចគ្រប់យ៉ាង) ចុងបញ្ចប់ ១ ថ្ងៃ កាត់តទល់ភ្លឺ ក៏ចេញបានជា MV នេះ (សុំទោសបងប្អូនបើមានចំណុចខ្វះខាត) តែយ៉ាងណា ក៏អរគុណបងប្អូនយ៉ាងធំធេង អ្វីដែលយើងខំប្រឹង គឺបងប្អូនបានឃើញ ហើយយើងទទូលបាន ១ លាន View៕