បាត់មុខមួយរយៈធំ តួថៅកែស្រីរឿង «ពូថៅហោះទិនហ្វី» បង្ហាញខ្លួនលើកនេះ ផ្អើលអស់អ្នកគាំទ្រ
កាលពីឆ្នាំ ២០០៤ បើនិយាយដល់រឿង «Kungfu Hustle» ឬ នៅខ្មែរយើងហៅថា «ពូថៅហោះទិនហ្វី» នោះ នរណាៗក៏ស្គាល់ និង ធ្លាប់បានទស្សនាដែរ។ ក្រៅពីសាច់រឿងបែបប្រយុទ្ធជក់ចិត្ត លាយឡំនឹងភាពកំប្លុកកំប្លែងសើចឡើងហត់មាត់នោះ មហាជនក៏ចាប់អារម្មណ៍ខ្លាំងទៅលើតួអង្គសំខាន់ៗផងដែរ ដោយក្នុងនោះតួថៅកែស្រី ពូកែក្បាច់គុនក៏នៅតែចង់ចាំក្នុងចិត្តមហាជនមកដល់បច្ចុប្បន្ននេះ។
មកដល់ឥលូវ តារាស្រីជើងចាស់ Yuen Qiu មានវ័យ ៧៣ ឆ្នាំហើយ និង មិនសូវឃើញវត្តមានក្នុងវិស័យភាពយន្តអស់ពេលច្រើនឆ្នាំដែរ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រចង់ដឹងពីសុខទុក្ខរបស់តារាក្នុងដួងចិត្តរបស់ពួកគេជានិច្ច។ ដោយឡែកថ្មីៗនេះ ស្រាប់តែអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បង្ហាញខ្លួនជាថ្មី ជាមួយរូបសម្រស់ប្លែកទាក់ភ្នែក។
ចូលរួមពិធីជប់លៀងខួបកំណើតចៅប្រុសរបស់ប្អូនស្រីខ្លួន តារាស្រី Yuen Qiu គឺហាក់ស្រកគីឡូជាងមុន បើធៀបទៅនឹងកាលដែលលោកស្រីសម្ដែងក្នុងរឿង «ពូថៅហោះទិនហ្វី»។ បើនិយាយពីរូបសម្រស់វិញ គឺលោកស្រីនៅតែសាច់ចាំ មិនប្រែប្រួលសម្រស់ទៅតាមវ័យសោះឡើយ៕