ណាត់គ្នាទៅ! ៥ ថ្ងៃទៀត CIFF លើកទី ១២ នឹងបើកឱ្យទស្សនាភាពយន្ត ជាច្រើនឥតគិតថ្លៃ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ (CIFF) នឹងបង្ហាញភាពយន្តមកពី ២៣ ប្រទេស ដែលមានសរុបចំនួន ១៨៨ ភាពយន្ត បូករួមជាមួយភាពយន្តខ្លីៗ និង ខ្សែភាពយន្តខ្នាតវែង ភាពយន្តឯកសារ និង គំនូរជីវចលថែមទៀតផង។
ជាក់ស្ដែង ចាប់ពីថ្ងៃទី ៣០ ខែឧសភា រហូតដល់ថ្ងៃទី ០៤ ខែមិថុនា CIFF លើកទី ១២ មហោស្រពនឹងផ្តល់ជូននូវការចាក់បញ្ចាំងភាពយន្តជាង ១៤០ ភាពយន្ត និង កម្មវិធីផ្សេងៗដោយឥតគិតថ្លៃនៅតាមបណ្តារោងភាពយន្តធំៗ និង ទីកន្លែងពិសេសៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះមានដូចជា រោងភាពយន្តលេជេន រោងភាពយន្តម៉េជ័ស៊ីនេភ្លិច វិទ្យាស្ថានបារាំងមជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និង ស៊ីណេហាប់។
ក្នុងនោះ ការសម្ភោធបើកកម្មវិធីនៃ CIFF លើកទី ១២ នឹងប្រព្រឹត្តឡើងនៅ រោងភាពយន្តលេជេនអូឡាំព្យានៅថ្ងៃទី ៣០ ខែមិថុនា ចំណែកឯការបិទកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ០៤ ខែមិថុនា នៅរោងភាពយន្តលេជេនអូឡាំព្យាដូចគ្នា។ កម្មវិធីទាំងពីរនេះនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមដោយការអញ្ជើញតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ អាចធ្វើឡើងបានដោយសាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបាន និង កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្តារសុវត្ថិភាព និង កន្លែងសម្រាប់សិល្បៈ។ កម្មវិធីឆ្នាំនេះជាកម្មវិធីដែលត្រូវបានរៀបចំឡើងដោយក្រុមការងារស្ម័គ្រចិត្តដែលមានរហូតទៅដល់ ៣៥០ នាក់ ដែលសុទ្ធសឹងតែជាអ្នកដែលមានមោទនភាពក្នុងការចូលរួមកម្មវិធី «ចូលរួមរីករាយ» និង ផ្តល់ការគាំទ្រដ៏សំខាន់ដល់វិស័យភាពយន្តក្នុងប្រទេសកម្ពុជា។ ក្រុមការងារស្ម័គ្រចិត្តមួយនេះមិនត្រឹមតែកំពុងតែចូលរួមក្នុងការលូតលាស់នៃវិស័យមួយនេះទេ ពួកគេក៏កំពុងតែនឹងទទួលបានឱកាសដ៏មានតម្លៃមួយដើម្បីជួបមនុស្ស និង បទពិសោធថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។
ក្រៅពីទស្សនាភាពយន្តឥតគិតថ្លៃ ក៏មានកម្មវិធីរាត្រីព្រឺព្រួច នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី ០២ ខែមិថុនា ជាកម្មវិធីពិសេសមួយដែលប្រមូលផ្តុំទៅដោយអ្នកចូលចិត្តប្រភេទភាពយន្តនេះ ដើម្បីមើលភាពយន្តភ័យរន្ធត់ ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ៤ ភ្លឺ នៅរោងភាពយន្តលេជេនសាខាអេដេន ហ្គាដិន ជាកម្មវិធីពិសេសមួយមានសំបុត្រតម្លៃពិសេស សម្រាប់អ្នកដែលចូលចិត្តរឿងបែបរន្ធត់ៗ។
មហោស្រពក៏មានកម្មវិធីពិភពលោកដ៏គួរឱ្យភ័យខ្លាច នឹងបង្ហាញពីឈុតសំខាន់ៗនៃភាពយន្តរន្ធត់ដែលត្រូវបានផលិតនៅទូទាំងពិភពលោក និង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនផលិតភាពយន្តក្នុងស្រុកដូចជា «កំណើតអរូប» ដោយ សែម វិសាល, «១២ង» ដោយ លៀក លីដា នឹងត្រូវបានបញ្ចាំងស្របជាមួយនឹងភាពយន្តអូស្រ្តាលីខ្លះៗដូចជា «អមតៈ» ដោយ មៃខល និងភីធើ ស្ពៀរីក, «សាច់ញ្ញាតិ» ដោយ ថូនី វីលៀមស៍ និង «រលកចុងក្រោយ» ដោយ ភីធើ វា។ ភាពយន្តម៉ាឡេស៊ីថ្មីបំផុត «កោះភូឡោ» ដោយ អុីយូ ហូ និងភាពយន្តជប៉ុន «នៅក្នុងព្រៃ» ដោយ ហ៊ីឌីអូ ណាកាតា និងភាពយន្តជាច្រើនទៀតនឹងមានវត្តមាននៅក្នុងកម្មវិធីឆ្នាំនេះ៕