ម្តាយ Nadech រំភើបចិត្តខ្លាំង ហើយប្រញាប់ធ្វើរឿងនេះភ្លែត ក្រោយកូនសុំ Yaya រៀបការ
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiyas និង Yaya Urassyas បានធ្វើឱ្យមហាជនក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង ក្រោយឃើញទិដ្ឋភាពអ្នកកំលោះ Nadech លុតជង្គង់សុំតារាសម្ដែងស្រី Yaya រៀបការនៅប្រទេសអ៊ីតាលី។
អស់រយៈពេល ១២ ឆ្នាំហើយ ដែលមហាជនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរ ដោយនៅទីបំផុតថ្ងៃល្អ ថ្ងៃសិរីក៏បានមកដល់មែន ដែលនាំឱ្យអ្នកគាំទ្រអរសប្បាយ រំភើបចិត្តក្រៃលែងស្ទើរតែរកអ្វីមកប្រៀបពុំបាន។ មិនមែនមានតែមហាជនប៉ុណ្ណោះដែលរំភើប សូម្បីតែតារាសម្ដែង អ្នកសិល្បៈថៃជាច្រើន ក៏បានបង្ហាញអារម្មណ៍អរសប្បាយដែរ ដោយម្នាក់ៗបង្ហោះសារអបអរសាទរព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក,Twitter, Tik tok និង អ៊ីនស្តាក្រាម។
ងាកទៅមើលលោកស្រី Keaw Jung ដែលជាម្តាយរបស់ Nadech វិញ បន្ទាប់ពីកូនប្រុសបណ្ដូលចិត្តសុំគូស្នេហ៍រៀបការហើយ លោកស្រីពិតរំភើបចិត្តណាស់។ ក្នុងនោះ គេឃើញលោកស្រីបានចេញមកបង្ហោះរូបភាពតារាប្រុសស្រីទាំងពីរពេញគណនីអ៊ីនស្តាក្រាម ដើម្បីជាការស្វាគមន៍អនាគតកូនប្រសាដែលនឹងអាចកាន់ដៃគ្នាចូលរោងការឆាប់ៗ។
លើសពីនោះ លោកស្រី Keaw ក៏បានបង្ហាញអារម្មណ៍យ៉ាងកក់ក្តៅទៅកាន់ Yaya ថា ៖ «អព្ភូតហេតុនៃក្តីស្នេហ៍បានស្ថិតនៅលើដៃកូនហើយ Yaya។ នេះជាពេលវេលាដ៏ល្អបំផុត ប៉ា និង ម៉ាក់ សប្បាយចិត្តរកអ្វីនិយាយពុំបាន ស្រឡាញ់កូនទាំងពីរខ្លាំងណាស់»៕