មិននឹកស្មាន! ជីវិតពិត Choi Min Ji តួក្នុងរឿង «ម្ចាស់ព្រះអាទិត្យ» ត្រូវអតីតប្ដី និង ឪពុកក្មេកធ្វើបាបឡើងគ្រាំទ្រូងជាង ១៥ ឆ្នាំ
តួសម្ដែងស្រី Choi Min Ji ដើរជាតួគិលានុបដ្ឋាយិកាក្នុងរឿងភាគកូរ៉េ «ម្ចាស់ព្រះអាទិត្យ ឬ Descendants of the Sun» មានឈ្មោះពិតថា Park Hwan Hee បានរៀបការជាមួយនឹងតារារ៉េប Bill Stax កាលពីឆ្នាំ ២០១១ កន្លងទៅ។ បន្ទាប់មកពួកគេក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ ក្នុងឆ្នាំ ២០១២ ប៉ុន្តែគួរឱ្យសោកស្ដាយ អ្នកទាំងពីរបានចែកផ្លូវគ្នាកាលពីខែមេសា ឆ្នាំ ២០១៣ កន្លងទៅ ដោយសារមានបញ្ហារកាំរកូសក្នុងគ្រួសារជាច្រើននឹកស្មានមិនដល់។
យោងតាមសារព័ត៌មាន Chosun News បានឱ្យដឹងថា មុនឈានដល់ការលែងលះ អ្នកទាំងពីរតែងតែ និយាយបរិហារគ្នាជាហូរហែនៅមុខប្រព័ន្ធផ្សព្វផ្សាយ ហើយមិនស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹង ប្តឹងគ្នាទៅវិញទៅមកនោះឡើយ។ ភាគីខាង Bill Stax ដែលជាស្វាមី បានប្តឹងអតីតភរិយារបស់ខ្លួនក្រោមហេតុផលថា ៖ «តារាស្រី Park Hwan Hee មិនបានផ្តល់អាហារកិច្ចចិញ្ចឹមកូន និង មិនបានបំពេញកាតព្វកិច្ចជាម្តាយបានល្អ។ បន្ទាប់មកក៏ហែកកេរ្តិ៍គ្រួសារខាងស្រីថា ពួកគេតែងតែបង្ហាញពីជីវិតសុខស្រួល និង ស៊ីវិល័យ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចជាម្ដាយមកកាន់កូនសោះ»។
បន្ទាប់មកភាគីខាង Park Hwan Hee វិញក៏បានលាតត្រដាងពីចរិតពិតរបស់អតីតស្វាមីនាងជាច្រើនវិញថា ៖ «លោកបានប្រើហិង្សាមកលើនាងជាច្រើនឆ្នាំ រីឯឪពុកក្មេករបស់នាងក៏ហ៊ានប្រើដៃប្រើជើង មកលើនាង នៅពេលដែលនាងប្រាប់ទៅកាន់គាត់ថា នាងសម្រេចចិត្តលែងលះកូនប្រុសរបស់ខ្លួន។ លើសពីនេះទៅទៀតនោះ លោក Bill Stax ក៏មានសហាយស្មន់ក្រោយខ្នងនាង តាំងពីមុនពួកគេទាំងពីរលែងលះគ្នាមកម្ល៉េះ»។
ដោយឡែក អ្វីដែលកាន់តែហួសចិត្តទៅទៀតនោះ នាងបានបន្ថែមថា ៖ «ភរិយាក្រោយរបស់លោកសព្វថ្ងៃនេះ គឺជាស្រីកំណាន់ ដែលលោកធ្លាប់សហាយស្មន់ជាមួយគ្នាកាលគ្រានោះ។ ជាក់ស្ដែង បន្ទាប់ពីលែងលះដាច់ស្រេច Bill Stax បានហាមឃាត់នាងមិនឱ្យឃើញកូនប្រុសរបស់ខ្លួន ហើយនាងក៏ត្រូវឪពុកម្តាយក្មេកដេញចេញ រាល់ពេលដែលនាងទៅលេង ឬទៅជួបកូនរបស់ខ្លួន ហើយសូម្បីតែលេខទូរស័ព្ទរបស់ពួកគេក៏បានប្ដូរ ដើម្បីកុំឱ្យអតីតប្រពន្ធទាក់ទងបាន ប៉ុន្តែឥឡូវនេះនាងបានជួបកូនប្រុសរបស់ខ្លួនវិញហើយ»៕