សិល្បករអូប៉េរ៉ាខ្មែរ និង សិល្បករអូប៉េរ៉ាអន្ដរជាតិ រួមសម្តែងរឿងដ៏ល្បីរបស់អ៊ីតាលី Madama Butterfly នៅកម្ពុជា
អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង សិល្បករល្បីល្បាញដទៃទៀតនឹងចូលរួមសម្ដែងល្ខោនអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាខែធ្នូខាងមុខនេះ។
ការសម្តែងនេះនឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមានវត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ នឹងរួមសហការជាមួយ ក្រុមសិល្បករអូប៉េរ៉ាអន្តរជាតិមកពីអ៊ីតាលី និង ជប៉ុនដែលរួមមាន អ្នកនាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និង សិល្បករ-សិល្បការិនីច្រើនរូបទៀត។
ការសម្ដែងល្ខោនអូប៉េរ៉ារឿង Madama Butterfly នៅប្រទេសកម្ពុជា នឹងមានអ្នកសម្តែងជាង ៧០ នាក់ រួមទាំងក្រុមភ្លេង និង ក្រុមចម្រៀង។ សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹកនាំដោយផលិតករជនជាតិអ៊ីតាលី លោក Vincenzo Grisostomi Travaglini និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។
លោក Gabriele Faja នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធីបានមានប្រសាសន៍ថា ៖ «ចំពោះការនាំយកល្ខោនអូប៉េរ៉ាមកប្រទេសកម្ពុជា យើងរំពឹងថានឹងបានបង្ហាញនូវទេពកោសល្យផ្នែកសិល្បៈ និងវប្បធម៌ខ្មែរ។ យើងបានមើលឃើញនូវសមត្ថភាពរបស់អត្ដពលិក និង ការរៀបចំព្រឹត្ដិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជារួចហើយ។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើងស្គាល់នូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះចំពោះការសម្ដែងរួមគ្នារវាងសិល្បករកម្ពុជា និង អន្ដរជាតិលើឆាកសម្ដែងអូប៉េរ៉ាដ៏ធំនេះ យើងក៏មានបំណងបង្ហាញមហាជនគ្រប់រូបបានឃើញថា ប្រទេសកម្ពុជាមានទម្រង់សិល្បៈជាច្រើនទៀត»។
ល្ខោនអូប៉េរ៉ានឹងក្លាយជាការសម្ដែងមួយដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរកការឧបត្ថម្ភបន្ថែមពីការគាំទ្រពីសំណាក់ដៃគូ មួយចំនួនរួចទៅហើយ រួមមានស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះ ពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និង នាយកផ្នែកឌីហ្សាញ Juveris Tenisons។ មហាជនអាចរកជាវសំបុត្របានចាប់ពីខែសីហា ឆ្នាំ ២០២៣ តាមរយៈកម្មវិធី Last2Ticket ដើម្បីទទួលយកនូវបទពិសោធកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះ។
ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល ៖ gabi@soundskool.asia៕