អំណាចណាស់! Sool Cool គ្រងឈុតបុរាណដំឡើងដោយខ្លួនឯង ក្រោយសិក្សាលម្អិតពីចម្លាក់តាមជញ្ជាំងប្រាសាទ
ជារឿយៗ តារាសម្ដែងប្រុសរូបសង្ហា Sool Cool តែងទទួលបានការសរសើរពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីលោកបានបង្ហាញនូវការថែរក្សាការពារ នូវសម្បត្តិវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង ច្នៃចេញជាសម្លៀកបំពាក់យ៉ាងមានអំណាចដកស្រង់ពីជញ្ជាំងតាមប្រាង្គប្រាសាទនានា ដែលបុព្វបុរសខ្មែរបន្សល់ទុក។
ថ្មីៗនេះ លោក Sool Cool ទើបតែបង្ហាញស្នាដៃឈុត សេនា ឬ ទាហ៊ាន អាណាចក្រខ្មែរ និង សាមន្ដរដ្ឋ ជាច្រើនឈុត ដែលលោកបានដកស្រង់ពីរូបចម្លាក់នៅតាមជញ្ជាំងប្រាង្គប្រាសាទរបស់ខ្មែរយើង។
ក្នុងនោះ លោក Sool Cool ក៏បានបង្ហាញអត្ថន័យខ្លះៗថា ៖ «ឈុត សេនា ឬ ទាហ៊ាន អាណាចក្រខ្មែរ និង សាមន្ដរដ្ឋ ដែលជាចំណុះនៃអាណាចក្រ ដែលខ្ញុំបានរៀបចំដំឡើង និង ដកស្រង់ចម្លងនូវសិល្បៈខ្លះៗ ពីជញ្ជាំងប្រាង្គ និង កែសម្រួលដើម្បីយកមកបង្ហាញ ធ្វើឱ្យវាមានជីវិតសាជាថ្មី ។ ហើយខ្ញុំបាទ ក៏សូមឧទ្ទិសស្នាដៃនេះ ដល់បុព្វបុរសខ្មែរដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក៏ដើម្បីកូនចៅជំនាន់ក្រោយឱ្យមានមោទកភាពនូវអ្វីដែលលោកទុកឱ្យ មិនថាជាសិល្បៈវប្បធម៌ ក្បួនគ្រប់យ៉ាង ឬ មរតកដ៏ធំមហាសាល ដែលកូនចៅចាយមិនចេះអស់។
នេះជាសមិទ្ធផលថ្មីមួយទៀត នារដូវកាលទីមួយ ដែលខ្ញុំបានធ្វើ ហើយខ្ញុំនឹងបន្តធ្វើ ឈុតថ្មីៗ នូវរដូវកាលបន្ទាប់ ហើយស្រាវជ្រាវរៀនបន្ថែមពីអ្នកជំនាញ និង លើកកំណត់ត្រាថ្មី លើប្រវត្តិសាស្រ្តដើម្បីឱ្យពួកយើងកាន់តែដើរខិតជិតប្រវត្តិសាស្រ្ត ដូចកាលម្សិលមិញ! បើខ្ញុំមានកំហុសខុសឆ្គងខ្វះខាតត្រង់ណា សូមមេត្តាខន្តីអភ័យទោស ជួយឆាតមកខ្ញុំបាទ ដើម្បីកែសម្រួល តែសូមកែសម្រូលដោយចំណេះដឹង និង យោគយល់ ។ អរគុណ»៕
រូបភាព៖ De PAGE studio