ទីបំផុត Abby Choi ត្រូវគ្រួសាររៀបចំបុណ្យសពឱ្យហើយ ឯរោងបុណ្យតុបតែងពណ៌ផ្កាឈូក និង មានតាំងរូបថតស្អាតៗ គួរឱ្យស្រណោះ
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅលើប្រព័ន្ធផ្សព្វផ្សាយបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានដែលថា តារាបង្ហាញម៉ូដហុងកុង Abby Choi ត្រូវបានក្រុមគ្រួសារអតីតស្វាមីធ្វើឃាត ដោយបំបែកសាកសពយ៉ាងព្រៃផ្សៃ។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមគ្រួសាររបស់តារាស្រីរូបនេះ បានក៏ទទួលយកបំណែកសាកសពរបស់នាង ដែលក្រុមប៉ូលិសជំនាញបានយកទៅធ្វើកោសល្យវិច័យអស់រយៈពេលច្រើនខែមកហើយ ហើយពេលនេះ សាកសពរបស់ Abby ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅឯព្រះវិហារ Po Fook ជាលក្ខណៈឯកជន និងមានការការពារយ៉ាងតឹងរ៉ឹង។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន On បានឱ្យដឹងថា ភ្ញៀវដែលបានមកចូលរួមពិធីបុណ្យសពរបស់ Abby មានប្រហែលជា ១០០០នាក់ សឹងសុទ្ធជា សាច់ញាតិគ្រួសាររបស់នាង និង មិត្តភក្តិក្រៅ និង ក្នុងសិល្បៈ។
ថ្វីដ្បិតថា ពិធីបុណ្យនេះមិនបានរៀបចំឡើងធំក៏ដោយ ប៉ុន្តែបានរៀបចំតុបតែងពេញដោយពណ៌ផ្កាឈូក លម្អផ្កាស្រស់ចម្រុះពណ៌ និង ដាក់តាំងរូបថតស្រស់ស្អាតរបស់នាងជាច្រើនកន្លែង ចាប់ពីផ្លូវចូល ដើម្បីជូនដំណើរនាងជាចុងក្រោយ និង ជាការចងចាំផងដែរ៕