មិនធម្មតា! តួប្រុសរឿង «Squid Game» ស្នើសុំថ្លៃខ្លួន ១ លានដុល្លារក្នុងមួយភាគ សម្រាប់ថតរដូវកាលថ្មី
ខ្សែភាពយន្តភាគដ៏ល្បីរបស់ Netflix «Squid Game» បានចេញកាលពីឆ្នាំ ២០២១ ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីអ្នកទស្សនាគ្រប់បណ្ដាប្រទេស ធ្វើឱ្យគ្រប់គ្នារំអុកចង់ទស្សនារដូវកាលបន្ទាប់នៃរឿងភាគមួយនេះឆាប់ៗទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះ Netflix ក៏បានប្រកាសជាផ្លូវការថារឿង «Squid Game» នឹងមានរដូវកាលទី ២ ដែលធ្វើឱ្យអ្នកតាមដានទស្សនាជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសា។
ជាមួយគ្នានោះ ថ្មីៗនេះខាងសារព័ត៌មានតារាដ៏ល្បី Dispatch បានទម្លាយថាតារាសម្ដែង Lee Jung Jae ដែលបានដើរតួក្នុងរឿង «Squid Game» រដូវកាលទី ១ ជាតួអង្គ Seong Gi-hun បានស្នើសុំថ្លៃខ្លួនប្រមាណជា ១ លានដុល្លារក្នុងការសម្ដែងមួយភាគៗ។
លើសពីនេះទៅទៀតនោះ Dispatch ក៏បានបន្ថែមទៀតថា ៖ «Netflix មិនអាចមានលទ្ធភាពពីសំណើរបស់លោក Lee Jung Jae បានទេ»។ គួរឱ្យដឹងផងដែរថា រឿងភាគ «Squid Game» រដូវកាលទី ២ នេះ អាចនឹងមានដល់ទៅ ១៣ ភាគ ដូច្នេះបើសិនជាខាង Netflix អាចផ្ដល់សំណើរបស់លោកបាន ពោលគឺលោកនឹងទទួលបានជាង ១៣ លានដុល្លារក្នុងរដូវកាលថ្មីនេះ៕