អ្នកគាំទ្រព្រួយបារម្ភស្ថានភាពផ្លូវចិត្ត Jennie ក្រោយឃើញនាងព្យាយាមទប់ទឹកភ្នែកទាំងអួលអាក់កណ្ដាលឆាក
ថ្មីៗនេះយោងតាមគណនី Tiktok មានឈ្មោះថា «mimoovie» ព្រមទាំងសារព័ត៌មានបរទេសជាច្រើនបានចែកចាយវីដេអូមួយរបស់ Jennie សមាជិកក្រុម BLACKPINK បានស្រក់ទឹកភ្នែកកំឡុងពេលសម្តែងបទ «Tally» នៅក្នុងការប្រគំតន្ត្រី British Summer Time Hyde Park ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ២ និង ទី ៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
ជាក់ស្ដែង នៅក្នុងវីដេអូនោះគេសង្កេតឃើញ Jennie បានព្យាយាមទប់ទឹកភ្នែកមិនឱ្យស្រក់ ប៉ុន្តែចុងក្រោយនៅតែស្រក់ដដែល ទាំងដែលនាងកំពុងច្រៀងបទចម្រៀង «Tally» ត្រង់ឃ្លាជាភាសាអង់គ្លេសថា «That’s my choice and there’s no one I’m hurting»។ ទោះជាយ៉ាងនេះក្ដី នាងក៏បានព្យាយាមអស់ពីសមត្ថភាព ដើម្បីបន្តការច្រៀងបទចម្រៀងមួយនេះឱ្យចប់ចុងចប់ដើម។
ក្រោយបានឃើញវីដេអូមួយនេះហើយ អ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ ហើយថែមទាំងព្រួយបារម្ភជាខ្លាំង ដោយពួកគេបានគិតថាទំនងជាសមាជិក Blackpink រូបនេះ មានបញ្ហាអ្វីក្នុងចិត្តហើយ រហូតធ្វើឱ្យនាងទប់ទឹកភ្នែកមិនជាប់ទាំងកណ្ដាលឆាកបែបនេះ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖