ក្តៅគគុក! YG ចេញមុខបកស្រាយពាក្យចចាមអារ៉ាមថា Lisa មិនព្រមបន្តកុងត្រាជាមួយក្រុមហ៊ុន
បើតាមការចុះផ្សាយផ្តាច់មុខពីកាសែត Munhwa Ilbo បានឱ្យដឹងថា Lisa និង YG Entertainment មិនទាន់បានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រានោះទេ ដោយភាគីរបស់ YG រំពឹងទុកថាអាចនឹងលើកយករឿងកុងត្រារវាង Lisa និង ក្រុមហ៊ុនមកនិយាយមុនថ្ងៃកំណត់ ពោលគឺកុងត្រារបស់តារាស្រីរូបនេះនឹងផុតថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។
យ៉ាងណាមិញ ប្រភពព័ត៌មានដែលនិយាយអំពីកុងត្រារបស់ Lisa គឺចេញពីប្រទេសចិន ដោយសារតែមាន ក្រុមហ៊ុនរបស់ចិនមួយដែលមិនបញ្ចេញឈ្មោះបានអញ្ជើញ Lisa ឱ្យចូលរួមក្នុងកម្មវិធី ប៉ុន្តែ YG បានឆ្លើយតបវិញថា៖ «ពួកគេមិនទាន់សម្របសម្រួលកាលវិភាគរបស់ Lisa នោះទេ ក្រោយពីខែសីហា ដោយសារតែកុងត្រាមិនទាន់ច្បាស់»។
ទោះជាយ៉ាងណា អ្នកតំណាងរបស់ YG បានចេញឆ្លើយតបនឹងព័ត៌មាន Munhwa Ilbo ដែលបានចុះផ្សាយ ដោយបដិសេធបញ្ហានេះថា៖ «នេះគឺជាដំណើរកម្សាន្ត និង កាលវិភាគផ្ទាល់ខ្លួន ដែលមិនទាក់ទងនឹងការបន្តកុងត្រារបស់ Lisa នោះទេ»។
គួរបញ្ជាក់ផងដែរថា ចំពោះកុងត្រារបស់សមាជិកទាំង ៣ របស់ BLACKPINK គឺ Jisoo, Jennie និង Rosé ជាមួយនឹង YG Entertainment បានដំណើរការយ៉ាងរលូនហើយ ប៉ុន្តែនៅឡើយតែ Lisa ប៉ុណ្ណោះដែលមិនទាន់សម្រេចចិត្តបន្តធ្វើការជាមួយគ្នា បន្ទាប់ពីថ្ងៃកំណត់នៃកុងត្រាជិតមកដល់៕