ដូចមានប្រផ្នួល! មុនបាត់បង់ជីវិត Coco Lee បានផ្ទេរទ្រព្យសម្បត្តិ ១២៨ លានដុល្លារឱ្យម្ដាយបង្កើតជាអ្នកកាន់កាប់
បន្ទាប់ពីដំណឹងមរណភាពរបស់តារាចម្រៀងស្រីចិនកាត់អាមេរិក Coco Lee បានប្រកាសកាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ ក៏ឃើញមានព័ត៌មានក្នុងអាស៊ីបានចុះផ្សាយជាច្រើន ទាក់ទងនឹងទ្រព្យសម្បត្តិរបស់តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ ដោយកាលពីនៅរស់រានមានជីវិត នាងមានអចលនទ្រព្យចំនួន ៧ នៅក្នុងទីក្រុងហុងកុង។
ក្នុងចំណោម អចលនទ្រព្យចំនួន ៧ នោះ គឺមានវីឡាចំនួន ៤ ដែល Coco Lee បានទិញដាក់កម្មសិទ្ធិជាមួយនឹងម្ដាយរបស់នាង ដូច្នេះបានន័យថា ក្រោយពីនាងបានបាត់បង់ជីវិតគឺវីឡាទាំង ៤ នេះ នឹងត្រូវផ្ទេរទៅម្តាយរបស់នាងជាម្ចាស់កម្មសិទ្ធិ ចំណែកឯអតីតស្វាមីនាង គឺលោក Bruce Rockowitz ដែលមិនទាន់ចុះហត្ថលេខាលែងលះ និង កូនស្រីចុងទាំង ២ នាក់មិនមានសិទ្ធិទទួលមរតកឡើយ។
លើសពីនេះ Coco Lee ក៏ជាម្ចាស់អាគារមួយដែលមានតម្លៃ ៧ ៦៦៤ ០០០ ដុល្លារអាមេរិក ដែលនាងបានទិញក្រោមឈ្មោះក្រុមហ៊ុនរបស់នាងផ្ទាល់ ហើយហាងចំនួន ២ របស់តារាស្រីរូបនេះក៏ម្ដាយរបស់នាងជាអ្នកកាន់កាប់ភាគហ៊ុនផងដែរ ហើយទ្រព្យសកម្មក្នុងធនាគារដែល Coco មានគឺដល់ទៅ ១២៨ លានដុល្លារអាមេរិក។
យ៉ាងណាមិញ បើតាមសម្ដីរបស់ប្អូនស្រី Coco Lee បានផ្តល់បទសម្ភាសជាមួយនឹងសារព័ត៌មាន HK01 បាននិយាយថា នាងមិនបានដឹងថាទ្រព្យរបស់បងស្រីមានប៉ុន្មាននោះទេ ហើយក៏មិនដឹងថាគាត់មានអចលនទ្រព្យច្រើននោះដែរ ប៉ុន្តែអ្វីដែលដឹងគឺគ្រប់យ៉ាងរបស់គាត់បានប្រគល់ឱ្យម្ដាយតាំងពីគាត់នៅរស់ ហើយមិនមានអ្នកណាហ៊ានជំទាស់នឹងការផ្ទេរទ្រព្យនោះទេ៕