ប្រជាជនថៃមួយចំនួនកើតទុក្ខមិនសុខចិត្ត ក្រោយបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ចេញជាផ្លូវការ
បើគិតមកត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ នេះ រយៈពេល ៤ ថ្ងៃហើយ ដែលបទ «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស បានចេញ ក៏ដូចជាបង្ហោះនៅលើគណនីហ្វេសប៊ុក និង Youtube ផ្លូវការរបស់នាងនោះ។ ក្រោយបទចម្រៀងដ៏មានអត្ថន័យមួយនេះ បានចេញជាផ្លូវការភ្លាម ឃើញថាត្រឹមរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ មានអ្នកទស្សនារហូតទៅដល់ ១ លានដង នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង។
យ៉ាងណាមិញ បន្ទាប់ពីមានអ្នកទស្សនាច្រើនឥតឈប់ ឃើញថា អ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ខណៈបទ «ទេវរាជ» របស់ទេព បូព្រឹក្ស កំពុងតែផ្ទុះ និង មានការគាំទ្រខ្លាំង តែបែរជាសារព័ត៌មាន ក៏ដូចជាប្រជាជនថៃមួយចំនួន បានកើតទុក្ខមិនសុខចិត្តចំពោះអត្ថន័យមួយឃ្លានៅក្នុងបទចម្រៀងមួយបទនេះទៅវិញ។
ពាក្យមួយឃ្លា ដែលកំពុងតែធ្វើឱ្យប្រជាជនថៃមួយចំនួនកើតក្តីក្តៅក្រហាយ និង នៅមិនសុខនោះគឺ ឃ្លាមួយអ្នកនាង ទេព បូព្រឹក្ស បានច្រៀងរៀបរាប់ថា៖ «សត្រូវលួចអក្សរខ្មែរ»។ ឃ្លានេះដែរ បានធ្វើឱ្យបុគ្គលមួយចំនួនរបស់ថៃ បានចេញមុខសម្តែងក្តីមិនពេញចិត្ត ដោយគិតថាប៉ារ៉ូលចម្រៀងមួយឃ្លានេះ ចង់សំដៅទៅប្រទេសរបស់ខ្លួន (ប្រទេសថៃ) ព្រោះមហាជនបានដឹងថា ប្រជាជនថៃ និង ខ្មែរ កន្លងមក ធ្លាប់ប្រទាក់សម្តីគ្នា ឬមានជម្លោះគ្នា៕