អ្នកគាំទ្រស្រងាកចិត្ត! Cai XuKun ត្រូវដកចេញពីកម្មវិធី «KEEP RUNNING» ថតនៅប្រទេសថៃ
ដូចដែលប្រិយមិត្តនិយមគាំទ្រវិស័យកម្សាន្តចិន បានដឹងមកហើយ អំពីព័ត៌មានរបស់តារាចម្រៀង និង សម្ដែងប្រុសចិនរូបសង្ហា Cai XuKun ដែលត្រូវបាននារីម្នាក់ចេញមុខមកនិយាយថា លោកបានមានទំនាក់ទំនងស្នេហាជាមួយនឹងនាង រហូតដល់មានកូនហើយបង្ខំឱ្យនាងរំលូតកូនចេញ ហើយបង្កជារឿងអាស្រូវយ៉ាងកក្រើកបណ្តាញសង្គម weibo នាពេលកន្លងទៅ។
ដោយសារតែរឿងអាស្រូវអសោចកេរ្តិ៍ឈ្មោះនេះហើយ ទើបបានជាតារាប្រុសវ័យ ២៤ ឆ្នាំរូបនេះ ត្រូវដកចេញពីកម្មវិធីកម្សាន្តទាំងអស់ដែលមានវត្តមានរបស់លោកចូលរួមសម្ដែង និង កម្មវិធីផ្សេងៗបានលុបចោលកាលវិភាគដែលមានឈ្មោះ Cai XuKun ផងដែរ។
ជាក់ស្តែងដូចជា កម្មវិធី «KEEP RUNNING» ដែលកំពុងដំណើរការចាក់ផ្សាយនៅក្នុងប្រទេសថៃ ក៏ត្រូវបានប្រកាសពន្យារពេលចាក់ផ្សាយចំនួន ២ សប្ដាហ៍ ដោយការបង្ហោះ និង វីដេអូដែលពាក់ព័ន្ធនឹង Cai XuKun ត្រូវបានដកចេញទាំងអស់។
ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រអាស៊ីរបស់តារាប្រុសរូបនេះ មានអារម្មណ៍សោកស្តាយ និង ស្រងាកចិត្តជាខ្លាំង ដោយមិនបានឃើញវត្តមានរបស់តារាជាអាយដលរបស់ពួកគេ ក៏ព្រោះតែលោកបានជាប់ខ្លួនក្នុងរឿងអាស្រូវមិនល្អ៕