ស្រណោះណាស់! ស្លា.-ប់ជិតមួយខែហើយ ស.ពរបស់ Choi Sung Bong មិនមានសាច់ញាតិមកទទួល
បើតាមការចុះផ្សាយរបស់ Star News នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា ពិធីបុណ្យសពរបស់តារាចម្រៀងប្រុស Choi Sung Bong ត្រូវបានប្រារព្ធធ្វើឡើងនៅសាលតម្កល់សពនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Soonchunhyang ចំណែកឯ ធាតុរបស់លោកនឹងតម្កល់នៅក្នុងមជ្ឈមណ្ឌលមួយក្នុងទីក្រុង Namyangju។
សម្រាប់ពិធីបុណ្យសពរបស់តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះ គឺរៀបចំធ្វើឡើងដោយមិនមានសាច់ញាតិចូលរួមសូម្បីតែម្នាក់ ហើយមានអតីតអ្នកចាត់ការរបស់លោកប៉ុណ្ណោះ ជាអ្នករៀបចំបុណ្យសពជាការជូនដំណើរលើកចុងក្រោយ ដែលធ្វើមហាជនមានអារម្មណ៍សោកសង្រេង និង ក្រៀមក្រំជាខ្លាំង។
យ៉ាងណាមិញ បើតាមប្រភពដដែលបានបន្ថែមឱ្យដឹងថា តារាចម្រៀងប្រុសរូបនេះ បានស្លាប់ ២៥ថ្ងៃមកហើយ ប៉ុន្តែគ្មានសាច់ញាតិណាម្នាក់មកទទួលសពរបស់លោកឡើយ។ ហើយអ្វីដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្តកាន់តែខ្លាំងនោះ គឺ Choi Sung Bong ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីលោកអាយុ ៣ ឆ្នាំមកម្ល៉េះ។
ត្រឡប់មកនិយាយលម្អិតអំពីការស្លាប់របស់ Choi Sung Bong ម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី «Korea’s Got Talent» ឆ្នាំ ២០១១ ដោយកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ លោកត្រូវបានគេប្រទះឃើញគេងស្លាប់ក្នុងផ្ទះរបស់លោក ដោយបន្សល់ទុកសំបុត្រមួយច្បាប់ មុនពេលធ្វើអត្តឃាតខ្លួនឯង៕