ថុល សុភិទិ ឆួលចុងច្រមុះ បង្ហោះសារប្រតិកម្មភ្លាម ពេលមានគេនិយាយមាក់ងាយគូស្នេហ៍ ជុំវិញរឿងមេម៉ាយ
ថ្មីៗនេះ មហាជនអ្នកគាំទ្រដែលតាមដានពីជីវិតស្នេហារបស់តារាចម្រៀងប្រុស ថុល សុភិទិ និង គូស្នេហ៍រូបស្រស់ ម៉ានីន កំពុងផ្ទុះចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែកខ្លាំង ក្រោយបានឃើញតារាចម្រៀងប្រុសរូបនេះ បង្ហោះសារប្រតិកម្មឆ្លើយតបទៅកាន់អ្នកប្រើពាក្យសម្ដីមាក់ងាយចំពោះគូស្នេហ៍របស់លោក ជុំវិញរឿងអ្នកនាងជាស្រ្ដីមេម៉ាយកូនមួយ ដែលធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍របស់លោកយ៉ាងខ្លាំង។
ក្នុងនោះ លោក ថុល សុភិទិ បានបង្ហោះសារនិយាយចោទជាសំណួរខ្លាំងៗទៅអ្នកមាក់ងាយគូស្នេហ៍របស់លោកថា ៖ «មេម៉ាយមិនមែនមនុស្ស??? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា ?? គាត់គ្មានសិទ្ធិស្រឡាញ់អ្នកណាទេមែន?? មួយជីវិតខ្ញុំនេះគិតថា សំណាងហើយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឱ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឱ្យខ្ញុំបានច្រើនណាស់ ឱ្យខ្ញុំស្គាល់គ្រប់យ៉ាង ហើយលើកតម្កើន និង ឱ្យតម្លៃខ្ញុំណាស់ សូមកុំមើលងាយស្រីមេម៉ាយ ហើយសូមឈប់ប៉ះពាល់ ដោយប្រើសម្ដី ដែលមិនបានគិតរបស់អ្នក មកថាឱ្យគាត់ម្ដងទៀត»។
យ៉ាងណាមិញ ក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់គូស្នេហ៍របស់ ថុល សុភិទិ គឺអ្នកនាង ម៉ានីន ក៏បានឃើញបង្ហោះសារបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងនឹងពាក្យសម្ដីរបស់គេមាក់ងាយរើសអើងនាងដែរថា ៖ «សង្សារគេសុទ្ធតែក្រមុំ តែសង្សារភិទិមេម៉ាយហើយមានកូនមួយទៀត។ អរគុណសម្រាប់ការរើសអើងខ្ញុំ»៕