(វីដេអូ) ស្រឡាញ់គ្នាច្រើនឆ្នាំ! សង្សារ អេននី ហ្សាម ទម្លាយរឿងជូរចត់ត្រូវគេរើសអើង ព្រោះស្នេហ៍ខុសធម្មជាតិ
បើគិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាចម្រៀង អេននី ហ្សាម បានបង្ហាញវត្តមានគូស្នេហ៍ស្រីដូចគ្នាដោយបើកចំហដល់មហាជនអ្នកគាំទ្រ ហើយជារឿយៗអ្នកទាំងពីរក៏តែងតែបង្ហាញរូបថតបង្ហាញពីភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ គេក៏បានដឹងដែរថា សង្សារស្រីរបស់កញ្ញា អេននី ហ្សាម ក៏ជាតារាចម្រៀង និង Influencer ល្បីមួយរូបដែរ គឺកញ្ញា Nona Ra។
ជាការពិត រយៈពេលជាង ៣ ឆ្នាំ នៃចំណងស្នេហ៍ភេទដូចគ្នាកញ្ញា អេននី ហ្សាម និង សង្សារស្រីក៏តែងបង្ហាញនូវភាពប្រចណ្ឌហួងហែងគ្នាទៅវិញទៅមកជារឿយៗ ពោលគឺភាពផ្អែមល្ហែមរបស់គូស្នេហ៍អ្នកទាំងពីរ គឺស្វីតល្អូកល្អិននឹងគ្នាខ្លាំងណាស់។ លើសពីនោះ បើទោះធ្លាប់បង្ហាញក្តីអន់ចិត្ត ទាស់ទែងគ្នាក៏ពិតមែន តែចំណងស្នេហ៍តារាស្រីទាំង ២ នៅតឹងណែនដូចដើម។
យ៉ាងណា ថ្មីៗនេះ កញ្ញា Nona Ra បានបង្ហោះវីដេអូមួយរបស់ខ្លួន និង កញ្ញា អេននី ហ្សាម ព្រមទាំងបានអត្ថធិប្បាយយ៉ាងវែងអន្លាយពីរឿងរ៉ាវស្នេហារបស់អ្នកទាំង ២ ដែលជាស្រីដូចគ្នា ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងនោះ កញ្ញា Nona Ra បានទម្លាយថា តាំងពីចាប់ដៃគ្នាជាសង្សាររបស់កញ្ញា អេននី ហ្សាម អ្នកទាំង ២ ធ្លាប់បានជួបរឿងរ៉ាវ និង ពាក្យមិនល្អជាច្រើនពីមនុស្សជុំវិញខ្លួន។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាវីដេអូនោះចាប់អារម្មណ៍ទៀត កញ្ញា Nona Ra បានឱ្យដឹងថា អ្នកទាំង ២ ធ្លាប់មានការងារខ្លះរើសអើង ក៏ព្រោះតែស្រឡាញ់ភេទដូចគ្នាក៏មាន។
ក្រោយពីបានស្តាប់ពាក្យអត្ថធិប្បាយរយៈពេលប្រមាណ ៤ នាទី ក្នុងវីដេអូ ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានសរសើរពីទឹកចិត្ត ក្តីស្រឡាញ់របស់កញ្ញា Nona Ra និង កញ្ញា អេននី ហ្សាម ដែលបានឆ្លងកាត់ពុះពារស្រឡាញ់គ្នាបានមកដល់ពេលនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកលួចច្រណែនពីចំណងស្នេហ៍អ្នកទាំង ២ ដែរថា ទោះជាស្រឡាញ់ភេទដូចគ្នាមែន តែចំណងស្នេហ៍នេះពិតជារឹងមាំណាស់៕