James Jirayu សារភាពថាមានអារម្មណ៍ខុស ដែលពុំសូវបង្ហោះរូបគូជាមួយសង្សារញឹកញាប់ដូចគូគេ
តារាសម្ដែងជួរមុខលោក James Jirayu និង នារីរូបស្រស់ក្រៅរង្វង់សិល្បៈ Foam មកទល់ពេលនេះ អ្នកទាំងពីរបានមានទំនាក់ទំនងមើលចិត្តគ្នាមកជិត ៤ ឆ្នាំទៅហើយ។ ក្នុងនោះដែរ បើទោះបីជាមានមតិខ្លះលើកឡើងថាមិនស័ក្តិសមគ្នាក៏ដោយ អ្នកទាំងពីរនៅតែចាប់ដៃគ្នាដើរបន្ដទៅមុខមិនរាថយឡើយ។
ជុំវិញទំនាក់ទំនងស្នេហ៍នេះ អ្នកទាំងពីរហាក់មិនសូវបង្ហាញភាពផ្អែមល្ហែមប៉ុន្មានឡើយនៅលើបណ្តាញសង្គម ទាំងហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាម រហូតធ្លាប់ធ្វើឱ្យមហាជនសង្ស័យថាចែកផ្លូវគ្នាថែមទៀតផងកាលពីពេលកន្លងទៅ តែអ្នកកំលោះ James Jirayu បានបកស្រាយថាជារឿងមិនពិត។
ដោយឡែក បើទាក់ទងនឹងបញ្ហាពុំសូវបង្ហាញមុខគូស្នេហ៍លើបណ្ដាញសង្គមហ្វេសប៊ុក ឬ អ៊ីនស្តាក្រាមនេះ អ្នកកំលោះ James Jirayu បានទម្លាយថាឱ្យដឹងថា ៖ «លោកពិតជាមានអារម្មណ៍ខុសដែលកន្លងមកជាច្រើនឆ្នាំពុំមានឱកាសបង្ហោះរូបភាព និង បង្ហោះសារជូនពរដល់គូសង្សារនៅថ្ងៃខួបកំណើត តែឆ្នាំនេះជាឆ្នាំដំបូងហើយដែលលោកបានបង្ហោះនោះ ហើយពីពេលនេះទៅលោកនឹងធ្វើបន្ត»៕