ឆ្លងកាត់រឿងមិនសមបំណងច្រើន តែ Song Hye Kyo មិនបណ្ដោយខ្លួនទេ នៅតែស្អាត នៅតែខ្ញង់ និង រឹងមាំជានិច្ច
យោងតាមការដកស្រង់បទសម្ភាសរបស់តារាសម្ដែងស្រី Song Hye Kyo ជាមួយនឹង JTBC នាពេលកន្លងទៅ ចាប់អារម្មណ៍ឃើញថា នេះជាបទសម្ភាសដំបូងរបស់នាងបន្ទាប់ពីដណ្តើមបានពានរង្វាន់ឆ្នើមនៅក្នុងព្រឹត្តិការណ៍ Blue Dragon Series Awards ឆ្នាំ ២០២៣ ជាមួយនឹងស្នាដៃក្នុងរឿងភាគ «The Glory»។
ក្នុងនោះបទសម្ភាសនោះដែរ តារាស្រីរូបនេះក៏បានបង្ហើបអំពីរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតឯកជនរបស់នាង ក៏ដូចជាវិធីរក្សាបាននូវសម្រស់ស្រស់ស្អាតផងដែរ។
ក្នុងបទសម្ភាសនោះ តារាស្រីរូបនេះបាននិយាយពីការថែសម្រស់អំឡុងពេលមមាញឹកខ្លាំងនឹងការងារថា ៖ «ខ្ញុំតែងព្យាយាមរកពេលហាត់ប្រាណ ហើយជាសំណាងហើយ ដែលខ្ញុំជាមនុស្សម្នាក់ដែលតែងតែគិតវិជ្ជមាន បើទោះជាមានរឿងអាក្រក់កើតឡើងលើខ្ញុំ តែខ្ញុំនៅតែគិតល្អពីវា»។
លើសពីនេះ Song Hye Kyo ក៏បានបន្ថែមទៀតថា ៖ «ដោយសារតែខ្ញុំចង់ឱ្យខ្លួនឯងល្អ ទើបខ្ញុំចង់កែខ្លួនឯងឱ្យស្អាត ហេតុនេះហើយទើបខ្ញុំព្យាយាមគិតតែរឿងល្អៗ។ មុខមាត់របស់យើងអាចប្រែប្រួលទៅតាមពេលវេលា ប៉ុន្តែបើសិនចង់ឱ្យយើងក្លាយជាមនុស្សល្អ គឺត្រូវរស់នៅកន្លែងណាដែលប្រកបដោយក្តីសុខផ្លូវចិត្ត»។
ទោះជាយ៉ាងណា ក្នុងបទសម្ភាសនេះ Song Hye Kyo គ្រាន់តែចង់លើកនិយាយអំពីភាពស្អាតក្រៅពីរូបសម្រស់ បើសិនជាយើងចង់ឱ្យខ្លួនឯងស្អាតទាំងចិត្ត និង កាយ ក្លាយជាមនុស្សល្អក្នុងក្រសែតភ្នែកមនុស្សជុំវិញខ្លួន៕