រៀបការហើយច្រើនខែ! Jiyeon ទើបដាច់ចិត្តបង្ហើបពីជីវិតគូដំបូង យ៉ាងស្មានមិនដល់
បន្ទាប់ពីរៀបការជាមួយស្វាមីជាកីឡាករបេស្បលមក នេះជាលើកទីមួយហើយដែលតារាចម្រៀងស្រី Jiyeon សមាជិក T-ARA បានបង្ហើបអំពីជីវិតគូរបស់នាងជួបការលំបាកយ៉ាងខ្លាំង ក្រោយរៀបការហើយ។
បើតាមការបង្ហោះនៅលើ YouTube របស់តារាស្រីរូបនេះផ្ទាល់ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ បានបង្ហាញថា នាងកំពុងប្រឈមមុខនឹងការលំបាកក្រោយពេលរៀបការ។
ក្នុងនោះដែរ តារាស្រីរូបនេះបាននិយាយថា ៖ «ខ្ញុំធ្លាប់គិតថានឹងមានការលំបាកខ្លះៗក្នុងចំណងអាពាហ៍ពិពាហ៍របស់យើង ដោយគិតលើការងាររបស់យើងជាសំខាន់ ប៉ុន្តែឥឡូវនេះ ខ្ញុំកំពុងគិតថាខ្លួនឯងកំពុងជួបប្រទះការលំបាកខ្លាំង»។
តារាស្រីវ័យ ៣០ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា៖ «មកដល់ពេលនេះគឺកាន់តែពិបាក ខ្ញុំពិតជាមានអារម្មណ៍ច្របូកច្របល់ណាស់ ហើយគិតថាជីវិតរបស់ខ្ញុំគឺទទេស្អាត។ នេះគឺជាអារម្មណ៍ដែលខ្ញុំបានលាក់បន្ទាប់ពីរៀបការរហូតមកដល់ពេលនេះ»។
មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះក៏បានទទួលស្គាល់ថា ការរៀបការក្នុងវ័យនេះគឺជាការសម្រេចចិត្តរបស់នាង ដូច្នេះទោះជួបប្រទះរឿងលំបាកយ៉ាងណាក៏នាងត្រូវទទួលយកការពិតលើដំណើរជីវិតគូរបស់នាង៕