កីឡាការិនី ស្រួង ភាវី និយាយប៉ុន្មានម៉ាត់ ពេលឃើញនាយ ពាក់មី បង្ហោះថាភរិយាកំពុងសង្គ្រោះបន្ទាន់ ២ ថ្ងៃហើយមិនទាន់ធូរ
នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះ តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី បានបង្ហោះសារមួយបង្កឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងសារនោះលោកបានឱ្យដឹងថា ភរិយារបស់លោកបានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ទៅទទួលសេវាកម្មថែសម្ផស្សពីមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងក្នុងក្រុងភ្នំពេញ។
តាមរយៈការបង្ហោះនោះ នាយ ពាក់មី បានរៀបរាប់ថា ៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ ថ្ងៃហេីយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី ២ ម៉ោង ១ រសៀល តេីម្ចាស់ S88 Beauty ទាំង13សាខា ជានណា?»។
ក្រោយពីបង្ហោះសារនេះឡើងបានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រតារាកំប្លែងរូបនេះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុខភាពដែលភរិយានាយ ពាក់មី កំពុងជួបប្រទះនេះ ហើយជាមួយគ្នានេះដែរ មហាជនអ្នកគាំទ្រក៏បានជូនពរសូមឱ្យភរិយារបស់នាយ ពាក់មី ឆាប់បានប្រសើរឡើងវិញថែមទៀតផង។
យ៉ាងណាមិញ បើងាកទៅមើលកីឡាការិនី ស្រួង ភាវី វិញ ក្រោយពីបានឃើញនាយ ពាក់មី បង្ហោះរៀបរាប់ពីភរិយាបែបនេះ មិនបង្អង់យូរកីឡាការិនីរូបនេះ ក៏ចូលបញ្ចេញមតិជូនពរ និង បន់ស្រន់ដល់ភរិយានាយ ពាក់មី ជាមួយនឹងការរៀបរាប់ថា ៖ «សូមឱ្យការសង្គ្រោះបន្ទាន់របស់បងស្រីទទួលបានជោគជ័យ និង ឆាប់ជាសះស្បើយដូចដើមវិញផង»៕