នាយ ពាក់មី ខ្លោចចិត្តអាណិតកូនប្រុសពៅយំសួររកម្ដាយ ខណៈម្ដាយកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់
ពិតណាស់ នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ នេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងនាយ ពាក់មី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកបង្ហោះរូបភាព និង ប្រាប់ពីស្ថានភាពរបស់ភរិយា ដែលបានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់រយៈពេល ២ ថ្ងៃហើយ ដោយសារតែព្យួរសេរ៉ូមឱ្យសាច់សនៅមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែង។
ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចែករំលែកបង្ហាញក្ដីបារម្ភសួរសុខទុក្ខដល់ភរិយារបស់តារាកំប្លែងរូបនេះ ព្រមទាំងបញ្ចេញមតិវែកញែករៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ ចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ពាក់មី ក៏បានឃើញបង្ហោះសារជាបន្តបន្ទាប់ជូនដំណឹងពីស្ថានភាពរបស់ភរិយា ដែលមុននេះលោកក៏បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីអាការរបស់ភរិយា ពេលនេះកំពុងដាក់អុកស៊ីសែនដេកលើគ្រែពេទ្យ ក្នុងបន្ទប់សង្រ្គោះបន្ទាន់។
លើសពីនេះ នាយ ពាក់មី ក៏បានបង្ហោះពីកូនប្រុសពៅ ដែលលោកអាណិតកូនខ្លាំងយំសួររកម្ដាយ ខណៈម្ដាយកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់ មិនទាន់អាចចូលបាន។ ក្នុងនោះ នាយ ពាក់មី បានសរសេររៀបរាប់ថា ៖ «អាណិតកូន សួររកម្តាយ តែក្នុងបន្ទប់ iCU កំពុងសង្គ្រោះបន្ទាន់ មិនអាចចូលបានទេ អរគុណក្រុមគ្រូពេទ្យកាល់ម៉ែត្រ ដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធខ្ញុំ»៕