លឿនណាស់! ៣ ថ្ងៃទៀត សុគន្ធ និសា នឹងចេញទៅនៅអាមេរិកហើយ ក្រោយធ្លាយរឿងផ្អាកពីសិល្បៈ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចែករំលែកនូវវីដេអូខ្លី ដែលបានកាត់ចេញពីកម្មវិធីប្រគំតន្ត្រីមួយរបស់ទូរទស្សន៍ហង្សមាស ក្នុងការលើកឡើងពីតារាចម្រៀងអ្នកនាង សុគន្ធ និសា។ ក្នុងនោះ ពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ បានទម្លាយថា ការប្រគំតន្ត្រីនេះគឺជាឆាកចុងក្រោយរបស់អ្នកនាង សុគន្ធ និសា ហើយ ក៏ព្រោះតែអ្នកនាង សុគន្ធ និសា នឹងទៅកម្សាន្តនៅក្រៅប្រទេសរយៈពេលយូរ។ ឆ្លើយតបលើឆាកភ្លាមៗ អ្នកនាង សុគន្ធ និសា ក៏បានបញ្ជាក់ថា រឿងនេះគឺជាការពិត។
ក្រោយពីទទួលដំណឹងខាងលើហើយ មហាជនអ្នកគាំទ្រអ្នកនាង សុគន្ធ និសា ហាក់មានការសោកស្តាយ និង មានអារម្មណ៍មិនសប្បាយចិត្តមិនតិចដែរ ព្រោះតែគ្រប់គ្នានឹងមិនបានឃើញវត្តមានរបស់តារាចម្រៀងស្រគត់ស្រគំ សំឡេងស្រទន់រូបនេះ លើឆាកតន្ត្រីទៀតទេ។ យ៉ាងណាក៏ដោយ ក៏មានមហាជនមួយចំនួនក៏រីករាយនូវការសម្រេចចិត្ត និង ជូនពរដល់អ្នកនាង សុគន្ធ និសា ផងដែរ។
ជាងនេះទៅទៀត អ្វីដែលកំពុងតែធ្វើឱ្យមហាជនគិតដល់មុនគេពីការផ្អាកសិល្បៈរយៈពេលយូរលើកនេះរបស់ អ្នកនាង សុគន្ធ និសា នោះ អាចនឹងតារាចម្រៀងរូបនេះយកពេលមើលថែខ្លួន ដើម្បីត្រៀមខ្លួនយកទាយាទស្នងត្រកូល ព្រោះកន្លងមកអ្នកនាង សុគន្ធ និសា ក៏ធ្លាប់បានបង្ហើបថា អ្នកនាងនឹងមានគម្រោងយក Baby ដែរ។
ទើបតែបែកធ្លាយដំណឹងផ្អាកសិល្បៈ និង ចាកចេញទៅក្រៅប្រទេស ស្រាប់តែមុននេះបន្តិច ក្នុងការបញ្ចេញមតិឆ្លើយឆ្លងនឹងលោក ករុណា ពេជ្រ ដែលកំពុងត្រៀមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដែរនោះ អ្នកនាង សុគន្ធ និសា បានឱ្យដឹងថា ៣ ថ្ងៃទៀត អ្នកនាងនឹងចាកចេញពីប្រទេសកម្ពុជាហើយ ពោលគឺនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ បន្ទាប់ពីអ្នកនាងបញ្ចប់ការធ្វើជាគណៈកម្មការកម្មវិធី Cambodian Idol Junior រដូវកាលទី ២៕